ក្រុមចោរលួចកាបូប! សមត្ថកិច្ចចាប់បានម្នាក់ រត់រួចពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី នៅក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពេលដែលពួកគេបានធ្វើសកម្មភាពលួចយកកាបូបលុយបានសម្រេច។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នង ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិអណ្តូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ឈួ បូរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ៣១បេ ផ្លូវ២៤ សង្កាត់ប្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ។ សម្ភារដែលសមត្ថកិច្ចរឹបអូសបាន៖ កាបូបស្ពាយ០១ កាបូបដៃ០១ លុយ២០០ដុល្លារសាំងហ្គាពួរ (ប្រគល់ឲ្យជនរងគ្រោះវិញ)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន មកផ្សារម៉ាក្រូរកទិញសម្ភារ ពេលជនរងគ្រោះកំពុងដើរទិញសម្ភារក្នុងផ្សារ ស្រាប់តែមានជនសង្ស័យស្រីចំនួន០៣នាក់ មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពលួចយកកាបូបស្ពាយរបស់ជនរងគ្រោះបាន រួចបម្រុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញ បានស្រែកឆោឡោថា ចោរៗ រួចចាប់បានជនសង្ស័យឈ្មោះ នង ចាន់ណា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក់បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្សពួកជនសង្ស័យឈ្មោះ ស្រីនាង និងឈ្មោះ យ៉ា បានគេចខ្លួនបាត់។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner