ប្រជាពលរដ្ឋឃុំស្វាយអំពារ ស្រុកមុខកំពូល ស្នើសុំដល់អភិបាលខេត្ត ពិសេសសម្តេចហ៊ុន សែន ជួយ ខណៈមានឈ្មួញដាក់គ្រឿងចក្រឈូសឆាយ រំលោភយកដីធ្លីពួកគាត់
កណ្តាល៖ ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បានស្នើសុំដល់អភិបាលខេត្តកណ្តាល ពិសេសសម្តេច ហ៊ុន សែន ជួយពួកគាត់ ខណៈឈ្មួញមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានកម្ទេចព្រៃលិចទឹក រំលោភយកដីធ្លីពួកគាត់។ ការស្នើសុំនេះ ក្រោយពេលដែលពួកគាត់បានស្នើសុំដល់អាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ។ រហូតមកដល់រសៀលម្សិលមិញនេះ ពួកគាត់បាននាំគ្នាទៅសាលាឃុំស្វាយអំពារ តាមការណាត់ជួបរបស់លោកស្រី ហ៊ុន ស្រីពៅ មេឃុំស្វាយអំពារ ដើម្បីដោះស្រាយ ប៉ុន្តែត្រូវខកខានទៀតដោយមេឃុំប្រាប់ពួកគាត់ថា ជាប់រវល់នៅភ្នំពេញ សុំលើកពេលនៅរសៀលថ្ងៃស្អែកទៀត។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ស្ទើរតែអស់ជំនឿលើអាជ្ញាធរឃុំហើយ ទើបបានស្នើសុំដល់អភិបាលខេត្ត ជាពិសេសសម្តេច ហ៊ុន សែន ឲ្យជួយពួកគាត់ផង។ ចំពោះដីធ្លីនេះ ពួកគាត់បានលក់ឲ្យក្រុមហ៊ុនប្រាកដមែន ប៉ុន្តែពួកគាត់លក់តែដីនៅផ្នែកខាងលើ ចំណែកមួយកំណាតខាងក្រោមមិនទាន់លក់ទេ គឺបានលក់តែផ្នែកខាងលើដូចៗគ្នា ហើយពេលមុនក្រុមក៏មិនទិញដែរ ទោះជាពួកគាត់លក់ទាំងអស់ គេទិញតែមួយកំណាត់ខាងលើទេ ហើយពួកគាត់បានកាន់កាប់ដីដែលនៅសល់រហូតមក។ លុះដល់ថ្មីៗនេះ ខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រមកឈូសឆាយ ស្រាប់តែបានឈូសឆាយរំលោភយកដីរបស់ពួកគាត់ដែលមិនទាន់លក់នោះ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោកស្រីមេឃុំបានប្រាប់អ្នកយកព័ត៌មានថា
ដីនោះដីមេទឹកកាលពីឆ្នាំ២០០៦ ពួកគាត់បានលក់ត្រឹមចិញ្ចើមមកលើ ហើយត្រឹមចិញ្ចើមអូរទៅក្រោមគាត់មិនទាន់លក់នោះទេ ហើយឥឡូវពួកគាត់បាននាំគ្នាទៅបោះបង្គោលដីគាត់ ដែលនៅសល់នោះ ទើបតែថ្មីៗនេះទេ ដែលពួកគាត់គ្នាទៅបោះបង្គោលនោះ។
លោកស្រីបានបន្ថែមថា ថៅកែទិញដីបានមកជួបលោកស្រីប្រាប់ដីប្រជាពលរដ្ឋដែលនៅសេសសល់នោះ ដើម្បីកុំឲ្យពាក់ព័ន្ធជាមួយសម្បត្តិរដ្ឋគាត់យកបង្ហើយ ហើយគាត់ប៉េះប៉ូវជូនប្រជាពលរដ្ឋ។ លោកស្រី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ លោកស្រីនឹងហៅថៅកែទិញដីនោះ មកដោះស្រាយសម្របសម្រួលគ្នា ដោយឲ្យភាគីទាំងពីរកាន់ឯកសារបង្ហាញរៀងខ្លួន ចាំមើលបានលទ្ធផលប៉ុណ្ណា។ នៅថ្ងៃទី២៦ ខែឧសភានេះ ប្រជាពលរដ្ឋបានអញ្ជើញកាន់សាលាឃុំ ដើម្បីទទួលការសម្របសម្រួលពីអាជ្ញាធរឃុំ ប៉ុន្តែលោកស្រីមេឃុំបានប្រាប់ពួកគាត់តាមទូរសព្ទថា គាត់ជាប់រវល់នៅភ្នំពេញដោយលើកមកកាន់ថ្ងៃទី២៧ខែឆ្នាំដដែល វេលាម៉ោង១រសៀលនេះ៕ធ.ដ