សម្តេចតេជោ ហ៊ុន សែន បានត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់បានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបលាកម្ពុជា ត្រលប់មកដល់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់បានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។ ដំណើរនៃការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺឆ្លើយតបតាមការអញ្ជើញរបស់លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP)។
ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធរបស់ UN-ESCAP នៅឆ្នាំ១៩៤៥ មកដល់ពេលនេះ នេះគឺជា លើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវបទពិសោធន៍របស់ខ្លួន ទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP។ សន្និបាតប្រចាំឆ្នាំនេះ មានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗ របស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។
ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេសដែលមានវត្តមានអញ្ជើញចូលរួម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមបូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» ផងដែរ។
បន្ទាប់ពីបញ្ចប់នៃការថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមបូលបទ«ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព» រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីបាងកក ព្រះរាជាណាចក្រថៃ ក្នុងដំណើរនៃការអញ្ជើញនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
នៅអាកាសយានដ្ឋានអន្តរជាតិ ដងមឿង វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប៕ធ.ដ