រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិវត្តបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងការស្វាគមន៍ចំពោះវត្តមានភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលអញ្ជើញមកដើម្បីចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រល្អៗពាក់ព័ន្ធនឹងទីផ្សារការងារ និងការត្រៀមខ្លួន របស់កម្ពុជានៅក្នុងដំណើរវិវត្តន៍នៃបច្ចេកវិទ្យា និងសេដ្ឋកិច្ច។
ឯកឧត្តមបានថ្លែងថា គោលបំណងសំខាន់នៃការរៀបចំកិច្ចសន្ទនានេះ គឺដើម្បីបង្កើតជាវេទិកាមួយសម្រាប់ផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សារវាងអ្នករៀបចំគោលនយោបាយ តំណាងកម្មករនិយោជិត តំណាងនិយោជក និងដៃគូអភិវឌ្ឍន៍នានា ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។
ឯកឧត្តមបញ្ជាក់ថា ការវិវត្តបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ ហើយក៏នឹងបណ្តាលឱ្យបាត់បង់ការងាររបស់យុវជនផងដែរ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស្វ័យប្រវត្តិកម្ម បានបង្ហាញថា ៥៦% នៃការងារសរុបនៅក្នុងប្រទេសអាស៊ានចំនួន ៥ នឹងប្រឈមហានិភ័យខ្ពស់ទៅនឹងការធ្វើស្វ័យប្រវត្តិកម្ម ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ក្នុងនោះប្រទេសកម្ពុជាមានអត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និងវៀតណាម ៧០%។
សូមជម្រាបជូនថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំចំនួន ៤៩,៥% នៃប្រជាជនសរុប ហើយមានអត្រាយុវជនអាយុ១៥-២៤ឆ្នាំចំនួន ២៨,៩% នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ១៥-៦៤ឆ្នាំ) ដែលអត្រានេះបានធ្វើឱ្យកម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានប្រជាជនវ័យក្មេង។ ក្នុងន័យនេះ កម្លាំងពលកម្មជាពិសេសយុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់៕ធ.ដ