ផ្ទុះគ្រាប់បែកនៅប្រទេសនេបាល់ បណ្តាលឲ្យមនុស្សស្លាប់ និងរបួស១១នាក់
អត្ថបទដោយ៖
Kien Sereyvuth
នេបាល់៖ សារព័ត៌មានចិន CGTN បានរាយការណ៍ថា មនុស្សយ៉ាងតិចចំនួន៤នាក់ បានបាត់បង់ជីវិត និង៧នាក់ទៀតទទួលរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ នៅរដ្ឋធានី កាត់ម៉ាន់ឌូ ប្រទេសនេប៉ាល់។
ប្រភពដដែលបន្តថា គ្រាប់បែក៣គ្រាប់ ដែលមួយគ្រាប់ត្រូវបំផ្ទុះឡើងនៅកណ្តាលរដ្ឋធានីនេះ និង២គ្រាប់ទៀត នៅជាយរដ្ឋធាននីនេះ បានកើតមានឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយបើតាមមន្ត្រីប៉ូលិសនេបាល់ ឧបករណ៍បំផ្ទុះកែច្នៃត្រូវគេជឿថា ត្រូវបានប្រើដើម្បីបំផ្ទុះនេះ។
រហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមជ្រុលនិយមណាមួយចេញមុខប្រកាសទទួលខុសត្រូវ ចំពោះករណីវាយប្រហារទាំងនេះនៅឡើយទេ ស្របពេលដែលក្រុមអាជ្ញាធរនេបាល់ បានធ្វើការបិទផ្លូវចេញចូលកន្លែងផ្ទុះគ្រាប់បែកទាំងនេះ ក៏ដូចជាចាប់ផ្តើមបើកដំណើរការការស៊ើបអង្កេត៕ធ.ដ