ប្រមុខការទូតអ៊ីរ៉ង់អះអាងថា នឹងចាត់វិធានការពារខ្លួនឯង ដើម្បីប្រឆាំងនឹង ការឈ្លានពានណាមួយពីសត្រូវ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ាក់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅថ្ងៃអាទិត្យសប្តាហ៍នេះ បានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបអនុវត្តការសន្យារបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Mohamed Ali Alhakim បានអះអាងដែរថា ទីក្រុងបាកដាដ នឹងឈរនៅខាងទីក្រុងតេហេរ៉ង់ ហើយនឹងបដិសេធរាល់វិធានការឯកតោភាគីរបស់សហរដ្ឋអាម៉េរិក។
ការលើកឡើងបែបនេះរបស់ប្រមុខការទូតប្រទេសទាំងពីរ ត្រូវបានធ្វើឡើងក្នុងអំឡុងការធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ស្របពេលដែលលោក Javad Zarif កំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ ប្រមុខការទូតអ៊ីរ៉ាក់បាននិយាយថា អ៊ីរ៉ាក់នឹងឈរនៅខាងអ៊ីរ៉ង់ ក៏ដូចជានឹងដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ហើយយើងជឿជាក់ថា ការដាក់ទណ្ឌកម្ម ឬការបិទខ្ទប់សេដ្ឋកិច្ចមិនមែនជាដំណោះស្រាយនោះទេ៕ធ.ដ