នៅទីបំផុតលោក Narendra Modi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី របស់ប្រទេសឥណ្ឌាសម្រាប់អាណត្តិថ្មីបន្តទៀត
ឥណ្ឌា៖ ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នាល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានសម្រេចតែងតាំងលោក Narendra Modi ជានាយករដ្ឋមន្រ្តីឥណ្ឌាសម្រាប់អាណត្តិថ្មីរយៈពេល៥ឆ្នាំទៀត ក្រោយទទួលបានសារលិខិតគាំទ្រពីគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាចនៅប្រទេសឥណ្ឌា។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស Bharatiya Janata Party (BJP) របស់ខ្លួន លោក Narendra Modi បានអរគុណយ៉ាងខ្លាំងដល់ប្រជាជនឥណ្ឌា ដែលបោះឆ្នោតគាំទ្ររូបលោកឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា៥ឆ្នាំបន្តទៀត ក្រោយលទ្ធលផលបោះឆ្នោតបង្ហាញថា គណបក្សរបស់លោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកល។
សូមរំលឹកថា បើតាមលទ្ធផលឆ្នោតចុងក្រោយ ចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍កន្លងទៅ គណប្ស BJP របស់លោក Modi ទទួលបានអាសនៈនៅក្នុងសភា៣០០អាសនៈ ក្នុងចំណោមអាសនៈសរុប៥៤៣ ដែលនេះគឺជាជ័យជម្នះដ៏ធំបំផុត បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤ ។ ចំណែកឯមេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យផងដែរ៕ធ.ដ