រដ្ឋបាលខេត្តរតនគិរី ប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ នៅព្រឹកថ្ងៃច័ន្ទ ៩រោច ខែវិសាខ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តរតនគិរី បានប្រារព្ធទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ ទិវាសប្តាហ៍ជាតិចរាចរណ៍ផ្លូវគោកនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនសសយក យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរឹទ្ធិប្រមាណជាង៣០០នាក់។

លោក ស៊ុន ប៉ូលីន ប្រធានសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៨ កើតឡើងចំនួន១០៤ លើក ស្មើនឹង១៥ករណី កើតឡើងពេលយប់៥៤លើក និងពេលថ្ងៃ ៥០លើក បណ្តាលឲ្យមនុស្សស្លាប់៤០នាក់ (ស្រី៥នាក់) របួសធ្ងន់៩៨នាក់ (ស្រី២៨នាក់) របួសស្រាល ៥២នាក់ (ស្រី៩នាក់) ម៉ូតូខូចខាត ១១៨ គ្រឿង រថយន្តខូចខាត ៥៨ គ្រឿង។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ក្នុងទិវាចរាចរណ៍សប្តាហ៍ថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នគឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្ត បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ បណ្តាលឱ្យរបួសពិការ ឬបាត់បង់ជីវិតមនុស្ស រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឯកឧត្តមបានអំពាវនាវដោយផ្ទាល់ដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕ធ.ដ

ដោយៈ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner