ក្រុមហ៊ុនសេងហាន ធ្វើពិធីប្រគល់ពានមេដាយដល់បុគ្គលិកឆ្នើមៗយ៉ាងកក្រើក ក្នុងវិស័យអចលនទ្រព្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានការចាប់អារម្មណ៍មិនតិចនោះទេ ក្រុមហ៊ុន សេង ហាន ដែលត្រូវគេស្គាល់ថា ជាក្រុមហ៊ុនវិវត្តន៍ពីក្រុមហ៊ុននាំចូលផលិតផលអាហារបំប៉នសុខភាព និងបណ្ដុះបណ្ដាលភាពជាអ្នកជោគជ័យ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យខាងពុះដីឡូតិ៍ធំមួយនាពេលនេះ បានធ្វើពិធីបណ្ដុះបណ្ដាលជំនាញផ្នែកអចលនទ្រព្យក្នុងចំណោមសមាជិកចូលរួមជាង១ពាន់នាក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ អ្វីដែលគេចាប់អារម្មណ៍គឺ មានបុគ្គលិកឆ្នើមៗជាច្រើនរូប ត្រូវបានក្រុមហ៊ុនបំពាក់ឆៀង បំពាក់មេដាយ ប្រគល់ពាន និងដំឡើងតួនាទី ខណៈដែលអ្នកជោគជ័យទាំងនោះ សុទ្ធតែត្រូវបានអះអាងថាជាអតីតកូនជាងឡាន ជាកម្មកររោងចក្រ និងជាអ្នករៀនសូត្រមិនចប់ថ្នាក់ទី១០។

លោក យ៉ន សេងហាន ស្ថាបនិកក្រុមហ៊ុន សេង ហាន បានអះអាងថា ដោយសារតែលោកចង់លើកទឹកចិត្តបុគ្គលិក និងចង់ឲ្យអ្នករៀនសូត្របានទាប មានឱកាសរកចំណូលបានខ្ពស់ពីវិស័យអចលនទ្រព្យ ទើបលោកបើកវគ្គបណ្ដុះបណ្ដាល ដោយយកបុគ្គលិកឆ្នើមៗ ឲ្យមកឧទ្ទេសនាមពីវិធីវិវត្តន៍ខ្លួន ក្លាយជាបុគ្គលជោគជ័យ។ លោកបន្តថា ជោគជ័យរបស់មនុស្សមិនមែនទាល់តែរៀនចប់មហាវិទ្យាល័យ ឬមានដើមទុនច្រើននោះទេ។ លោកបន្ថែមថា ខ្លួនបានជោគជ័យមិនមែនដោយសារតែលោករៀនបានខ្ពស់ និងមានដលមទុនច្រើននោះទេ ប៉ុន្តែអ្វីដែលលោកទទួលបានផ្លែផ្កានៅក្នុងពេលនេះ គឺដោយសារតែលោកសម្រេចចិត្តបោះបង់អាជីពជាអ្នកបកប្រែភាសាថៃ ក្រោយរៀនមិនចប់បាក់ឌុប ហើយប្រថុយនាំចូលផលិតផលអាហារបំប៉ន ទាំងមានមនុស្សភាគច្រើនមិនជឿថាលោកអាចដើរទៅមុខ។

បន្ទាប់មកលោកក៏បែកគំនិត ធ្វើជាគ្រូបណ្ដុះបណ្ដាលពីភាពជោគជ័យ និងចុងក្រោយហ៊ានបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ តាមរយៈការផ្ដល់ឱកាសឲ្យមហាជនចូលហ៊ុនដើម្បីទិញដីពុះលក់។ លោកបញ្ជាក់ទៀតថា យុទ្ធសាស្ត្រ បើខាតប្រគល់ដី និងបើចំណេញនឹងប្រគល់ភាគហ៊ុនចំណេញជូនសមាជិកម្នាក់ៗបានជួយឲ្យក្រុមហ៊ុនកាន់តែពង្រីកខ្លួនបានធំ ខណៈដែលក្នុងពេលនេះ លោកបានឱ្យដឹងដែរថា ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនរឹងមាំ ដោយមិនទាន់ត្រូវការការចូលរួមភាគហ៊ុនទៀតទេ។

អ៊ីចឹងហើយទើបលោកចំណាយប្រមាណជិត៦ម៉ឺនដុល្លារធ្វើពិធីកាលពីថ្ងៃទី២៦ ឧសភា ដើម្បីចែករំលែកចំណេះដឹងជោគជ័យ ចែករង្វាន់លើកទឹកចិត្ត បំពាក់មេដាយ បំពាក់ឆៀង  ប្រគល់ពានឆ្នើម និងដំឡើងតំណែងដល់បុគ្គលិកឆ្នើម។ លោកបញ្ជាក់ថា បើគ្មានបុគ្គលិកដែលមានសមត្ថភាពទាំងអស់នោះទេ ក៏ក្រុមហ៊ុនអចលនទ្រព្យសេងហាន មិនមានថ្ងៃនេះលឿនដល់ម្លឹងនោះដែរ។ ជាមួយគ្នានេះ លោកក៏បានប្រគល់ភាគហ៊ុន និងផលចំណេញ ប្រគល់ជូនដល់សមាជិកភាគហ៊ុនទាំងអស់ ក្រោយវិនិយោគជាមួយក្រុមហ៊ុនបានមួយឆ្នាំ ដើម្បីបង្ហាញថាអ្នកវិនិយោគជាមួយក្រុមហ៊ុន ក្រៅពីគ្មានហានិភ័យ គឺពិតជាបានប្រាក់ចំណេញតាមអ្វីដែលបានព្រមព្រៀង។

លោក យ៉ន សេងហាន បញ្ជាក់បន្ថែមថា មកទល់ពេលនេះ ក្រុមហ៊ុនមានបុគ្គលិកឆ្នើមមិនក្រោម១០០នាក់នោះទេ ខណៈដែលបុគ្គលិកទាំងនោះ ក៏ដើរតួជាអ្នកបណ្ដុះសមាជិកថ្មីៗសរុបមិនក្រោម១ពាន់នាក់ឡើយ ឲ្យក្លាយជាបុគ្គលជោគជ័យ ដែលអាចរកចំណូលពីការងារលក់ដីឲ្យក្រុមហ៊ុន ដែលមានចំណូលមិនក្រោមពាន់ដុល្លារ ដែលមិនខុសពីជួយឲ្យអ្នករៀនសូត្របានទាបភាគច្រើន ជៀសផុតពីការធ្វើចំណាកស្រុក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner