អាមេរិកប្រកាសមិនពាក់ព័ន្ធផែនការអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានព្រមានធ្ងន់ៗទៅកាន់អ៊ីរ៉ង់កុំឱ្យសឹកសងមូលដ្ឋានទ័ពអាមេរិក បន្ទាប់ពីទីក្រុងតេហេរ៉ង់រងការវាយប្រហារពីអ៊ីស្រាអែល ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនបានពាក់ព័ន្ធនឹងរឿងនេះទេ។
ប្រមុខការទូតអាមេរិករូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងអ៊ីរ៉ង់ទេ ហើយអាទិភាពកំពូលរបស់យើង គឺការការពារកងកម្លាំងអាមេរិកនៅក្នុងតំបន់។ ដូច្នេះខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា អ៊ីរ៉ង់មិនគួរកំណត់គោលដៅវាយប្រហារផលប្រយោជន៍ ឬបុគ្គលិកណាមួយរបស់អាមេរិកឡើយ។
អ៊ីស្រាអែលបានប្រកាសវាយប្រហារអ៊ីរ៉ង់ ជាកន្លែងដែលឮសំឡេងផ្ទុះខ្លាំងបានកើតឡើងប៉ុន្មានម៉ោងក្រោយលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា អ៊ីស្រាអែលមិនគួរធ្វើដូច្នេះទេ។
លោកប្រធានាធិបតី Trump បានលើកឡើងថា អ៊ីស្រាអែលកំពុងបំផ្លាញឱកាសស្វែងរកដំណោះស្រាយលើការចរចាដោយសន្តិវិធី ដែលលោកបាននិយាយថា ជិតមកដល់ហើយ។
យ៉ាងណា គេនៅមិនទាន់ដឹងថាតើការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ អាចប៉ះពាល់ដល់កិច្ចពិភាក្សាជុំទី៦ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង រវាងអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យនេះក្នុងប្រទេសអូម៉ង់ដែរឬយ៉ាងណានោះទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


