មន្រ្តីរដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ នឹងបង្កើតឱកាសការងារ ដល់​យុវជន

កំពង់ស្ពឺ៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែមិថុនា បានរៀបចំប្រារព្ធទិវាជាតិអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និងវិជ្ជាជីវៈលើកទី៨ ។

លោក ស៊ឹម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺដែលអញ្ជើញចូលរួមក្នុង​កម្មវិធី​នេះបានថ្លែងថា ទិវាជាតិអប់រំបណ្តុះ​បណ្តាល​បច្ចេកទេសនិង​វិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល​បានកំណត់យក​អាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោត​សំខាន់លើ​ការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកប​ដោយ​គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវ​គោល​ដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

លោកអភិបាលរងបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង​វិជ្ជាជីវៈនឹងបង្កើតឱកាសការងារ សាងក្តីសង្ឃឹម​ដល់​យុវជននិង​កសាងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់។ មាន​គំនិត​ច្នៃប្រឌិតនិងភាពប្រកួត​ប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅពលរដ្ឋម្នាក់មាន​ជំនាញ​មួយយ៉ាងតិចប្រចាំជីវិត។

សូមរំលឹកថាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៣ ដែលមាន​គ្រូបច្ចេក​ទេសសរុបចំនួន ៧៧នាក់ (ស្រី ២០នាក់)។ ក្នុងឆ្នាំ​២០២៥នេះ​មាន​សិស្ស និស្សិត ចំនួន២ ៩៦៤នាក់ (ស្រី ៩៧៩នាក់) ដែលមានកម្រិត​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដល់បរិញ្ញាបត្របច្ចេកវិទ្យា ក្នុង​នោះសិស្សកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រងហានិភ័យ មាន​សិស្សចំនួន ២ ៤០៨នាក់ (ស្រី ៨៤៥នាក់)៕
ដោយ៖ ម៉ុន សំអាត

ads banner