ស្ថានភាពនៅតាមច្រកទ្វារព្រំដែនកម្ពជា-ថៃ ក្នុងភូមិសាស្រ្ត​ខេត្ត​បាត់​ដំបង

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរ​ដោយមន្ត្រីសំខាន់ៗក្នុងខេត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥​ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែល​នៅក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបានអញ្ជើញត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង និងបន្ត​ពិនិត្យនៅតាម​បណ្តាច្រកទ្វារតំបន់​ព្រំដែន​ផ្សេងទៀត​ដូចជា ចំណុច អូរអន្លក់(ស្រុកកំរៀង),អូររំដួល ស្រុកភ្នំព្រឹក ,ច្រកទ្វារព្រំដែន​អន្តរជាតិ​​​ភ្នំដី (គីឡូ១៣)នៃស្រុក​សំពៅលូន។

សូមជម្រាបថា ក្នុងឱកាសពិនិត្យស្ថានភាពទូទៅនៅតាមច្រកព្រំដែន​ខាងលើ ជាពិសេសនៅច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តបាត់ដំបងបានត្រៀម​លក្ខណៈ​រួចរាល់ជា​ស្រេចក្នុង​ករណីដែលមានបងប្អូនពលករខ្មែរនាំគ្នាសម្រុក​វិលត្រឡប់ចេញពីប្រទេសថៃមកច្រើន។ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់មានពលករសម្រុកចេញមកនោះទេ។

ទន្ទឹមនេះដែរឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលកំពុងនៅរស់តាមតំបន់ព្រំដែន សូមជឿជាក់​លើការ​ដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាជម្លោះ​ព្រំដែន ជាមួយភាគីថៃ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner