រុស្ស៊ីបញ្ជូនសាកសពទាហាន ១.២០០ នាក់ ទៅ ឲ្យអ៊ុយក្រែន

មូស្គូ ៖ រុស្ស៊ីទើបប្រគល់សាកសពទាហានចំនួន ១.២០០នាក់ផ្សេងទៀត ដែលបានពលីជីវិតក្នុងសមរភូមិទៅឲ្យភាគីអ៊ុយក្រែន។

មានការដោះដូរទាំងឈ្លើយសឹកអាយុក្រោម ២៥ឆ្នាំ ឬទាហានរងរបួស និងមានជំងឺជាច្រើនរួចមកហើយ រវាងភាគីជម្លោះទាំងពីរ ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះ។

យោងតាមប្រភពពីសារព័ត៌មាន RT កាលពីថ្ងៃអាទិត្យ អ៊ុយក្រែនមិនបានប្រគល់សាកសពកងទ័ពរុស្ស៊ីណាមួយមកវិញ នៅក្នុងការដោះដូរចុងក្រោយនេះទេ។

ដោយឡែក រុស្ស៊ីក៏បានសម្រេចចិត្តជាឯកតោភាគី ធ្វើមាតុភូមិនិវត្តន៍សាកសពទាហានអ៊ុយក្រែនជាង ៦.០០០នាក់ដែលត្រូវបានសម្លាប់ ស្ថិតក្រោមហេតុផលមនុស្សធម៌ផងដែរ។

ការផ្លាស់ប្តូរឈ្លើយសឹករវាងភាគីទាំងពីរបានធ្វើឡើងនៅថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ សប្តាហ៍មុន ប៉ុន្តែទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានបង្ហាញតួលេខជាផ្លូវការ នូវចំនួនអ្នកទោសដែលពួកគេបានប្រគល់ និងទទួលនោះទេ។

បើតាមជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ មេឌីនស្គី គិយមកទល់ពេលនេះ អ៊ុយក្រែនបានប្រគល់សាកសពទាហានរុស្ស៊ីត្រឹមតែចំនួន ២៧នាក់ប៉ុណ្ណោះ។

ក្នុងអំឡុងការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី២ ខែមិថុនា គណៈប្រតិភូមកពីរុស្ស៊ី-អ៊ុយក្រែន បានឈានដល់ការឯកភាពគ្នាដោះដូរឈ្លើយសឹកជាបន្តបន្ទាប់ ដោយផ្តោតជាចម្បងលើពលទាហានរងរបួសធ្ងន់ធ្ងរ ឈឺ និងអាយុក្រោម ២៥ឆ្នាំ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner