G7 ចេញមុខការពារសុវត្ថិភាពអ៊ីស្រាអែល ហើយចោទអ៊ីរ៉ង់ថា ជារដ្ឋភេរវករ

បរទេស៖ បណ្តាប្រទេសមានសេដ្ឋកិច្ចរីចចម្រើនទាំង៧ លើពិភពលោក ឬ ប្រទេស G7 បានចេញមុខការពារសុវត្ថិភាព ដល់អ៊ីស្រាអែល ហើយចោទប្រកាន់អ៊ីរ៉ង់ថា ជារដ្ឋ ភេរវករ បង្កអស្ថិរភាព នៅក្នុងតំបន់ មជ្ឈិមបូព៌ា
នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅអង្គារ ទី១៧ ខែមិថុនា នេះ។

សេចក្តីថ្លែងការណ៍រួមរបស់ G7 កាលពីថ្ងៃចន្ទ បានអះអាងថា «អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយ យើងសូមបញ្ជាក់ឡើងវិញ នូវការគាំទ្រ ចំពោះសន្តិសុខ របស់អ៊ីស្រាអែល»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «អ៊ីរ៉ង់គឺជាប្រភពចម្បង នៃអស្ថិរភាព និងភេរវកម្ម ក្នុងតំបន់ ហើយច្បាស់ណាស់ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ បានទេ»។

យ៉ាងណាមិញ G7 ដែលមានសមាជិក រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានជំរុញជំរុញឱ្យមានដំណោះស្រាយ ធ្វើយ៉ាងណា នាំទៅរកការថយចុះ កាន់តែទូលំទូលាយ នៃអរិភាព នៅមជ្ឈិមបូព៌ា រួមមានទាំង បទឈប់បាញ់ នៅហ្គាហ្សា» ដោយបន្ថែមថា ប្រជាជាតិនានា ក្នុងប្លុកនេះ ក៏បានត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួល លើការការពារស្ថិរភាព នៅក្នុងទីផ្សារថាមពល ផងដែរ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ ដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ជាអ្វីដែលខ្លួនហៅថា ការយុទ្ធនាការយោធា រារាំងក្រុងតេអេរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ ក៏បានវាយប្រហារ សងសឹកវិញ ចូលដល់ថ្ងៃទី៥ គិតត្រឹមថ្ងៃអង្គារនេះ។

មន្ត្រីអ៊ីរ៉ង់រាយការណ៍ថា មានអ្នកស្លាប់ជាង២២០នាក់ ភាគច្រើន ជាជនស៊ីវិល ក្នុងប្រទេសរបស់ខ្លួន ខណៈដែលអ៊ីស្រាអែលវិញ បានអះអាងថា មានជនស៊ីវិល២៤ នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់។

គួរកត់សម្គាល់បន្ថែមថា ជារើយៗ អ៊ីរ៉ង់តែងបដិសេធថា ខ្លួនមិនការស្វែងរកអាវុធនុយក្លេអ៊ែរ ហើយអះអាងថា ខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំង ការពង្រឹង ភាពជាសមាជិក នៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ហៅកាត់ NPT។ អ៊ីស្រាអែល វិញ ដែលមិនមែនជាភាគីរបស់ NPT គឺជាប្រទេសតែមួយគត់ នៅមជ្ឈិមបូព៌ា ដែលត្រូវបានគេជឿថា មានអាវុធនុយក្លេអ៊ែរ។ តែ អ៊ីស្រាអែលមិនដែរបដិសេធ ឬ បញ្ជាក់ ជាផ្លូវការ នោះទេ ជុំវិញការមានអាវុធប្រល័យលោក ប្រភេទនេះ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner