លោក Trump ចង់បញ្ចប់សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់តែម្តង មិនមែនត្រឹមបទឈប់បាញ់ទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកចង់បានការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ពិតប្រាកដ មិនមែនត្រឹមតែជាបទឈប់បាញ់នោះទេ ស្របពេលដែលគូសត្រូវស៊ូពូជទាំងពីរកំពុងប្រយុទ្ធគ្នាអស់រយៈពេល៦ថ្ងៃមកហើយ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវលោកវិលត្រឡប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសកាណាដា។
មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា អ៊ីរ៉ង់ត្រូវតែបោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរទាំងស្រុង… អ៊ីរ៉ង់មិនអាចមានអាវុធប្រល័យលោកបានឡើយ វាគឺជារឿងសាមញ្ញាបំផុត។
លោក ត្រាំ បានលើកឡើងទៀតថា លោកអាចនឹងបញ្ជូនប្រេសិតពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ឬលោកអនុប្រធានាធិបតី JD Vance ទៅជួបចរចាជាមួយអ៊ីរ៉ង់ឆាប់ៗនេះ។
សង្រ្គាមអ៊ីរ៉ង់ និងអ៊ីស្រាអែល បានចាប់ផ្តើមឡើងកាលពីថ្ងៃសុក្រទី១៣ ខែមិថុនា ស្របពេលដែលទាំងអ៊ីស្រាអែល អាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត សុទ្ធតែបានព្យាយាមដាក់សម្ពាធអ៊ីរ៉ងជាយូរមកហើយ ដើម្បីទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេ។
ទោះបីជាយ៉ាងណា អ៊ីរ៉ងបានច្រានចោលការចោទប្រកាន់ការស្វែងរកអាវុធនុយក្លេអ៊ែរ ដោយពួកគែបានអះអាងថា ខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
