ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ បង្ហាញពីការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខការពារបូរណភាពទឹកដីកម្ពុជា
តាមរយៈគណនីបណ្ដាញសង្គមផ្លូវការ បន្ទាប់ពីបញ្ចប់កម្មវិធីធ្វើដំណើរថ្មើរជើង Solidarity March នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថាយ៉ាងដូច្នេះថា ៖
ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពថ្លែងអំណរព្រះគុណ និងអំណរគុណប្រគេន ថ្វាយ និងជូន សម្តេចសង្ឃ ព្រះតេជគុណ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រតិភូគណបក្សនយោបាយ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាគមយុវជនគ្រប់មុខសញ្ញា សិល្បករ សិល្បការនី កីឡាករ កីឡាការិនី សិស្ស និស្សិត វិស័យឯកជន បងប្អូន KOLs ជនរួមជាតិទាំងអស់ដែលបានមកប្រជុំគ្នានៅទីនេះ ពេលនេះដើម្បីបង្ហាញកម្លាំងទឹកចិត្តស្នេហាជាតិដ៏ថ្លៃថ្លា តាមរយៈដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាប្រកបដោយទឹកចិត្ត ឆន្ទៈ ក្ដីស្រលាញ់ ដើម្បីជាតិកម្ពុជា។
ជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ខ្ញុំសូមថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល កំពងស្ពឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមសម្របសម្រួល រៀបចំ និងរាយការណ៍ព័ត៌មាន កម្មវិធីនេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យត្រចះត្រចង់ ដែលជាមហាកិត្តិយសដ៏ធំធេងជូនប្រទេសជាតិ។
ការជួបជុំគ្នានៅក្នុងថ្ងៃនេះ លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនកងកម្លាំង ប៉ុន្តែជាសារមួយដែលបញ្ជាក់ថា នៅពេលដែលមានការគំរាមកំហែង ឬការប្រមាថណាមួយមកលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់កម្ពុជា គឺប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ៕








