ថៃត្រៀមជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល
បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃអង្គារ បាននិយាយថា ប្រទេសរបស់លោកស្រីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជម្លៀសពលរដ្ឋថៃចេញពីទឹកដីអ៊ីស្រាអែលជាបន្ទាន់ ស្របពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែពុះកញ្ជ្រោលនៅមជ្ឈិមបូព៌ា។
ថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកស្រី ផែថងថាន និយាយថា កងទ័ពអាកាសថៃត្រៀមយន្តហោះរួចរាល់ ហើយភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតក៏ប្រុងជើងការផងដែរ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សនៅពេលចាំបាច់ ក្នុងការជម្លៀសពលរដ្ឋថៃចេញពីអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់ជំនួយការងារត្រូវបានបង្កើតឡើង ក្នុងគោលបំណងបម្រើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ផ្តល់ព័ត៌មាន និងការចុះឈ្មោះ ក្នុងចំណោមជនជាតិថៃដែលមានបំណងចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត រ៉ាត់ឆាឃីតប្រាកន ក៏បានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពជនជាតិថៃជិត ៤០.០០០នាក់ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល និង អ៊ីរ៉ង់ផងដែរ។
ផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Nation បច្ចុប្បន្នពលរដ្ឋថៃ ៣៩,៥០០នាក់កំពុងធ្វើការនៅប្រទេសអ៊ីស្រាអែល មានទាំងស្របច្បាប់ និងទាំងគ្មានឯកសារ។ រីឯនៅអ៊ីរ៉ង់វិញ មានពលរដ្ឋថៃ ចន្លោះពី ២០០ ទៅ ៣០០នាក់ មានទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ និង បណ្តោះអាសន្ន៕
ប្រភព ៖ ស៊ីនហួរ និង The Nation ប្រែសម្រួល ៖ ឈឹម ទីណា