សម្ដេចតេជោ ហ៊ុន សែន ៖ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ

(ភ្នំពេញ)៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលមកពីគ្រប់ទិសទីទាំងអស់ ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី ។

សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីល្លីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីល្លីម៉ែត្រដូចគ្នា ។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ ។

គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ យុវជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រាប់ម៉ឺននាក់ បានមកជួបជុំគ្នានៅទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ដើរថ្មើរជើងរួមគ្នា (Solidarity March) ដើម្បីលើកទឹកចិត្តដល់កងកម្លាំងតាមព្រំដែន ដែលដំណើរក្បួនថ្មើរជើងនេះ ចាប់ផ្ដើមពីកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងដើម្បីបង្ហាញការគាំទ្រ​ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកជម្លោះព្រំដែននៅតំបន់រស៊ើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាពកាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner