លោក Modi ប្រាប់លោក Trump ថា អាមេរិកគ្មានបានជួយលើបទឈប់បាញ់ឥណ្ឌា-ប៉ាគីស្ថាន នោះទេ

បរទេស៖ នាយករដ្ឋមន្ត្រី ប្រទេសឥណ្ឌា លោក Modi បានអះអាងប្រាប់ លោក Donald Trump ថា សហរដ្ឋអាមេរិកមិនបានជួយសម្រុះសម្រួល ក្នុងឈប់បាញ់ រវាងប្រទេសឥណ្ឌា ជាមួយប្រទេសប៉ាគីស្ថាន ជុំវិញជម្លោះ កាលពីខែមុន នោះទេ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់់ងារព័ត៌មាន CNA កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «នាយករដ្ឋមន្ត្រី Modi បានប្រាប់ប្រធានាធិបតី Trump យ៉ាងច្បាស់ អំឡុងជំនួប តាមទូរស័ព្ទ នៅក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដា កាលពីថ្ងៃទី១៧ ខែមិថុនា ថា មិនមានការពិភាក្សា នៅដំណាក់កាលណាមួយលើប្រធានបទ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឬ ការសម្របសម្រួលរបស់សហរដ្ឋអាមេរិក រវាងឥណ្ឌា និងប៉ាគីស្ថាននោះឡើយ។

ប្រភពបញ្ជាក់ថា ការបញ្ឈប់សកម្មភាពយោធា គឺបានកើតឡើង តាមរយៈការចរចាផ្ទាល់ រវាងឥណ្ឌា និងប៉ាគីស្ថាន តែប៉ុណ្ណោះ។ លោក នាយករដ្ឋមន្ត្រីឥណ្ឌា បញ្ជាក់ច្បាស់ៗថា លោកមិនធ្លាប់ទទួលយកការសម្របសម្រួលរបស់អាមេរិកបែបនេះ ហើយ លោកក៏នឹងមិនទទួលយក នាពេលអនាគត ផងដែរ។

ផ្ទុយពីការលើកឡើងនេះ លោក Trump ធ្លាប់បាននិយាយ កាលពីខែមុនថា ប្រទេសជិតខាង នៅអាស៊ីខាងត្បូង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំងពីរ បានយល់ព្រម លើបទឈប់បាញ់មួយ បន្ទាប់ពីកិច្ចចរចាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ហើយអះអាងថា អរិភាពបានបញ្ចប់ បន្ទាប់ពីលោក Trump បានជំរុញឱ្យប្រទេសទាំងពីរ ផ្តោតលើពាណិជ្ជកម្ម ជំនួសការធ្វើសង្គ្រាម។

សេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការជួបសន្ទនា តាមទូរស័ព្ទ រវាងលោក Modi និង លោក Trump នោះទេ។ គួររម្លឹកថា កាលពីខែឧសភា ឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះអាវុធដាក់គ្នា ក្រោយមានការបាញ់សម្លាប់អ្នកទេសចរ មួយចំនួន នៅតំបន់ព្រំដែន ប៉ុន្តែ ៤ថ្ងៃ ក្រោយមក ក៏មានបទឈប់បាញ់ វិញ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner