លោក Trump ព្រមានថា ការផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់អាចកើតឡើង
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានព្រមានថា វាអាចទៅរួច ដែលរបបដឹកនាំនៃមេដឹកនាំអ៊ីរ៉ង់ អាចត្រូវបានផ្តួលរលំ។
លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកកាសែតនៅឯសេតវិមានថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ អាចនឹងកើតឡើង។
យ៉ាងណាមិញ លោកថា អាមេរិកនៅមិនទាន់ធ្វើការសម្រេចចិត្ត ថាតើត្រូវចូលរួមជាមួយអ៊ីស្រាអែលក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ដែរឬអត់ទេ? ដោយលោកគ្រាន់តែព្រមានទុកមុនថា មេដឹកនាំបច្ចុប្បន្នរបស់ប្រទេសអ៊ីរ៉ង់ អាចប្រឈមមុខនឹងការផ្តួលរលំដោយសារសង្រ្គាម។
ការព្រមានបែបនេះរបស់លោក Trump កើតឡើងចំពេលដែលមន្ត្រីអាមេរិក៣នាក់បានប្រាប់កាសែតរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋបាលលោកប្រធានាធិបតី Trump បានបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និយាយថា យោធាអាមេរិកកំពុងប្រុងជើងការការពារខ្លួន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា