លោកពូទីនថា ឥណ្ឌូនេស៊ីនៅតែជាដៃគូសំខាន់របស់រុស្ស៊ី

បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចាត់ទុកប្រទេសឥណ្ឌូនេស៊ី នៅតែជាដៃគូសំខាន់ របស់រុស្ស៊ី។

ប្រធានាធិបតី Putin បានអះអាងបែបនេះ ក្នុងពេលទទួលជួបប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងមូស្គូ។ លោក Putin បាននិយាយថា ឥណ្ឌូនេស៊ីនៅតែជា “ដៃគូសំខាន់” របស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានមានប្រសាសន៍ថា «ទំនាក់ទំនងរបស់យើងមានផលប្រយោជន៍ ទៅវិញទៅមក ហើយកំពុងអភិវឌ្ឍន៍ យ៉ាងខ្ជាប់ខ្ជួន ដោយផ្អែកលើប្រពៃណីដ៏យូរអង្វែង នៃមិត្តភាព និងជំនួយ ទៅវិញទៅមក»។

លោក Prabowo បានថ្លែងអំណរគុណ ចំពោះលោក Putin សម្រាប់ការគាំទ្រឲ្យប្រទេសឥណ្ឌូនេស៊ី ចូលទៅក្នុងប្លុក BRICS។ លោក Prabowo បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាថា «ថ្ងៃនេះយើងបានជួបគ្នា ហើយទំនាក់ទំនងរបស់យើង កាន់តែរឹងមាំម្តងទៀត…ជំនួបរបស់ខ្ញុំ ជាមួយប្រធានាធិបតីពូទីន ថ្ងៃនេះ មានភាពខ្លាំងក្លា កក់ក្តៅ និងមានផលិតភាព លើគ្រប់វិស័យនៃសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការបច្ចេកទេស ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម វិស័យទាំងអស់ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់»។

ជុំវិញសង្គ្រាម នៅអ៊ុយក្រែន លោក Prabowo បានបញ្ជាក់ថា «យើងគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ យើងចង់ដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី»។ គួរបញ្ជាក់ថា លោក Prabowo នឹងចូលរួមវេទិកាសេដ្ឋកិច្ច នៅទីក្រុង Saint Petersburg នៅថ្ងៃសុក្រ នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner