អាមេរិករៀបផែនការវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងជើង
បរទេស៖ សហរដ្ឋអាមេរិកបានត្រៀមរៀបចំផែនការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារ ទៅលើកូរ៉េខាងជើង នេះបើតាមមន្ត្រីចារកម្ម របស់រដ្ឋាភិបាលក្រុងសេអ៊ូល អះអាង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ហើយត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA។
អំឡុងការសួរដេញដោល ពីលទ្ធភាពអន្តរាគមន៍យោធា របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន លោក Lee Jong-seok នាយកទីភ្នាក់ងារចារកម្ម របស់កូរ៉េខាងត្បូង អះអាងថា អាមេរិកនឹងវាយប្រហារកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានបើកការវាយប្រហារ ដោយប្រើអាវុធប្រល័យលោក បំពានមកលើកូរ៉េខាងត្បូង។ យ៉ាងណាមិញ លោក Lee Jong-seok អះអាងថា ប្រជាជនអាមេរិកក៏ត្រូវប្រឈមនឹងហានិភ័យខ្លាំងក្លា ពីកូរ៉េខាងជើងផងដែរ ព្រោះថា ទីក្រុងព្យុងយ៉ាង ក៏អាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប ចូលដល់ដីអាមេរិកបាន។
លោក Lee បាននិយាយថា សេណារីយ៉ូសម្មតិកម្ម ដែលថា កូរ៉េខាងត្បូង ដែលស្ថិតនៅក្រោមការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺអាចទៅរួច បើធៀបនឹងស្ថានភាពសន្តិសុខ រវាងប្រទេសទាំងពីរ។
កូរ៉េខាងជើងបានបន្តកម្មវិធីនុយក្លេអ៊ែរ អស់ជាច្រើនឆ្នាំ ហើយត្រូវបានគេជឿថា បានស្តុកទុកនូវសម្ភារៈយោធា ដើម្បីផលិតអាវុធបរមាណូ ទោះបីជាខ្លួនមិនបានសាកល្បងកាំជ្រួច ដែលបំពាក់ដោយអាវុធបែបនេះ ក៏ដោយ។
គួរកត់សម្គាល់ថា លោក Lee Jong-seok ទើបត្រូវបានតែងតាំង ឱ្យដឹកនាំសេវាស៊ើបការណ៍សម្ងាត់ជាតិ របស់កូរ៉េខាងត្បូង ក្រោមការដឹកនាំ របស់លោក Lee Jae Myung ប្រធានាធិបតីថ្មី ដែលទើបបានចូលកាន់តំណែង កាលពីថ្ងៃទី៤ ខែមិថុនា៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
