មីក្រូហ្វូនអ្នកកាសែត ធ្លាក់ត្រូវក្បាលនាយករដ្ឋមន្ត្រីថៃ
បរទេស ៖ យោងតាមការចុះផ្សាយ របស់កាសែត Thairath កាលពីព្រឹកថ្ងៃទី២០ ខែមិថុនានេះ លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ ត្រូវបានមីក្រូហ្វូន របស់អ្នកកាសែត ធ្លាក់ត្រូវក្បាល ក្នុងពេលមានវត្តមាន នៅក្នុងខេត្ត Ubon Ratchathani។

អំឡុងពេលនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ
បានលាន់មាត់ ហាក់បង្ហាញពីការឈឺ បន្តិចបន្តួច ដោយប្រាប់ថា «ត្រូវចំក្បាលខ្ញុំហើយ» ប៉ុន្តែ បន្ទាប់មក លោកស្រីបានប្រែទឹកមុខ មកញញឹម វិញ ហើយប្រាប់អ្នកសារព័ត៌មានវិញ ថា «មិនអីទេ»។
ហេតុការណ៍នេះ បានកើតឡើង ក្នុងពេលដែល លោកស្រី នាយករដ្ឋមន្ត្រី បានអញ្ជើញទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅឃុំ Dom Pradit ស្រុក Nam Yuen ខេត្ត Ubon Ratchathani ដោយពេលនោះ ក៏មានការស្វាគមន៍ពីអ្នកភូមិ ជាច្រើននាក់ ដែលចង់ប្រគល់ផ្កា ជូនលោកស្រី ផងដែរ។ ប៉ុន្តែ អំឡុងពេលនោះ អ្នកយកព័ត៌មានបាននាំគ្នា ព្យាយាមសួរសំណួរ ទៅកាន់លោកស្រី នាយករដ្ឋមន្ត្រី ហើយ ក៏មានអ្នកយកព័ត៌មានម្នាក់ យកមីក្រូហ្វូនមកសួរសម្ភាសន៍ ក៏ធ្លាក់ត្រូវក្បាល របស់លោកស្រី។
ក្រោយចាកចេញ ពីទីនោះ លោកស្រី ក៏បានឡើងលើឡាន ទៅសួរសុខទុក្ខកងទ័ព នៅព្រំដែន រួមជាមួយនឹង មេបញ្ជាការតំបន់កងទ័ពជើងគោក៕
ប្រភពពី Thairath ប្រែសម្រួល៖ សារ៉ាត
