មេដឹកនាំតួកគីថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល សាហាវជាង ហ៊ីត្លែ

អង់ការ៉ា ៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan បានថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ហើយថែមទាំងចាត់ទុកលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu សាហាវព្រៃផ្សៃជាងអតីតមេដឹកនាំប្រល័យពូជសាស លោក Adolf Hitler ទៅទៀត។

ក្នុងកំលុងសម័យប្រជុំសភាជាមួយគណបក្សកាន់អំណាច AK កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីតួកគី Erdogan បានលើកឡើងថា បើមើលរូបថត និងវីដេអូពីសង្គ្រាមលោកលើកទី២ គឺដូចនឹងអ្វីដែលយើងឃើញនៅហ្កាហ្សាអ៊ីចឹងដែរ។ ហើយលោកនាយករដ្ឋមន្រ្តី Netanyahu គឺសាហាវជាងជនផ្តាច់ការ Hitler ទៅទៀត បើនិយាយពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

ក្រៅពីថ្លែងដិះដៀលមេដឹកនាំអ៊ីស្រាអែល លោកប្រធានាធិបតី Erdogan បានគូសបញ្ជាក់ថា តួកគីនឹងធ្វើគ្រប់យ៉ាង ដើម្បីបញ្ចប់ភាពសាហាវព្រៃផ្សៃអមនុស្សធម៌មិនមែនតែនៅអ៊ីរ៉ង់ និងហ្កាហ្សាទេ ថែមទាំងនៅអ៊ីរ៉ង់ ស៊ីរី លីបង់និងយេម៉ែនផងដែរ ហើយរដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុលត្រៀមរួចជាស្រេច សម្រាប់ការវិវឌ្ឍ ឬសេណារីយ៉ូអវិជ្ជមានណាមួយ។

គួរកត់សម្គាល់ ចាប់តាំងពីអ៊ីស្រាអែលបើកប្រតិបត្តិការ «Risisng Lion» បំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃសុក្រទី១៣ ខែមិថុនា បានសម្លាប់មនុស្ស ៦៣៩នាក់ និង១.៣២៩នាក់ទៀតរងរបួស ហើយក្នុងចំណោមនោះ មាន ២៦៣នាក់ជាជនស៊ីវិល និង១៥៤នាក់ជាកងកម្លាំងសន្តិសុខ នេះបើតាមតួលេខចុងក្រោយពីអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនា៕

ប្រភព ៖ RT និង AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner