បែកធ្លាយ លោក Trump ជាអ្នកបើកដៃឲ្យអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានអនុម័តជាសម្ងាត់នូវផែនការសម្រាប់ការវាយប្រហារដោយផ្ទាល់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនទាន់បានចេញបញ្ជាឱ្យដំណើរការផង ស្រាប់តែអ៊ីស្រាអែលបើកយុទ្ធការនេះរួចបាត់ទៅហើយ នេះបើតាមកាសែត The Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

សារព័ត៌មាន RT បានរាយការណ៍ថា លោកប្រធានាធិបតី Trump បានធ្វើការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានយល់ស្របនឹងការអះអាងរបស់អ៊ីស្រាអែល ដែលថា អ៊ីរ៉ង់ជិតផលិតបានអាវុធនុយក្លេអ៊ែរហើយ ពោលគឺមិនដល់ពីរសប្តាហ៍ទៀតទេ។

កាសែត The Wall Street Journal បានចេញផ្សាយកាលពីថ្ងៃពុធថា លោក Donald Trump សង្ឃឹមថា ការគំរាមរបស់អាមេរិក ក្នុងការចូលរួមយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នឹងបង្ខំឱ្យអ៊ីរ៉ងបំពេញតាមការទាមទាររបស់គាត់ នោះគឺការចុះចាញ់សង្គ្រាមដោយគ្មានលក្ខខណ្ឌ។

ជាការឆ្លើយតប ក្រៅពីការវាយប្រហារដោយមីស៊ីលសងសឹកអ៊ីស្រាអែលវិញ អ៊ីរ៉ង់ក៏បានព្រមានខ្លាំងៗដល់អាមេរិកដែរថា ការអន្តរាគមន៍យោធាណាមួយដោយទីក្រុងវ៉ាស៊ីនតោន នឹងត្រូវប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរបំផុត ដែលមិនអាចជួសជុលបានសម្រាប់សហរដ្ឋអាមេរិកខ្លួនឯង។

ការព្រមានរបស់អ៊ីរ៉ង់ខាងលើនេះ កើតឡើងស្របពេលដែលសារព័ត៌មាន Axios បានដកស្រង់សម្តីមន្ត្រីអនាមិកម្នាក់ចុះផ្សាយកាលពីថ្ងៃពុធថា លោកប្រធានាធិបតី Trump បានសួរទីប្រឹក្សារបស់គាត់ថាតើគ្រាប់បែកដ៏ធំរបស់អាមេរិក (MOP) អាចជ្រាបចូល និងបំផ្លាញរោងចក្រនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់ ដែលកប់យ៉ាងជ្រៅនៅក្នុងភ្នំដែរឬយ៉ាងណា។

រីឯកាសែត Financial Times បានរាយការណ៍នៅថ្ងៃដដែលថា យន្តហោះទម្លាក់គ្រាប់បែក B-2 Spirits របស់អាមេរិកចំនួន៦គ្រឿង ដែលបច្ចុប្បន្នជាយន្តហោះទម្លាក់គ្រាប់បែកតែមួយគត់ដែលមានសមត្ថភាពផ្ទុកគ្រាប់បែក MOP ត្រូវបានដាក់ពង្រាយដើម្បីត្រៀមវាយប្រហារអ៊ីរ៉ង់ នៅឯមូលដ្ឋានរួមគ្នារបស់ចក្រភពអង់គ្លេស-អាមេរិក Diego Garcia។

យ៉ាងណា បើតាមការបញ្ជាក់របស់សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Trump នឹងសម្រេចចិត្តក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ ថាតើអាមេរិកត្រូវចូលរួម ឬមិនចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលនេះជាការបង្កើនការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ឱ្យត្រឡប់មករកតុចរចា នេះបើតាមប្រភពពីកាសែតរ៉យទ័រ៕

ប្រភព ៖ RT និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner