អ្នកជំនួញ៤នាក់សម្រេចចិត្តបើកហាងតែបៃតង «KAMU» នៅកម្ពុជា ដោយទិញ Franchise ពីប្រទេសថៃ ដើម្បីបំពេញតម្រូវការអតិថិជននៅកម្ពុជា
ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលខ្ពស់ ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកប្រាក់ចំណូលនោះ ហាងតែបៃតង «KAMU» ដែលទិញ Franchise ពីប្រទេសថៃ បានបើកសម្ពោធដាក់លក់ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានទីតាំងផ្ទះលេខ១៦EO ផ្លូវលេខ៥១ នៅសង្កាត់បឹងកេងកេង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងពិធីនេះ លោក សួន សុវណ្ណពិសិដ្ធ ម្ចាស់ភាគហ៊ុនហាងតែបៃតង«KAMU»ម្នាក់ក្នុងចំណោមម្ចាស់ភាគហ៊ុនទាំង៤ បានឲ្យដឹងថា បានជាលោកសម្រេចចិត្តទិញ Franchise ពីប្រទេសថៃ មកបើកអាជីវកម្មនៅកម្ពុជា គឺដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភេសជ្ជៈម៉ាកល្បី ដែលមានតម្លៃធូរថ្លៃ និងមានគុណភាព ជាពិសេសមិនប៉ះពាល់ដល់សុខភាព។ លោកបានបន្តថា ជាពិសេសដោយមើលឃើញថា នាពេលបច្ចុប្បន្ននេះ យុវវ័យចាប់ផ្តើមចូលចិត្តគ្រឿងភេសជ្ជៈ ដែលមានប្រយោជន៍ដល់សុខភាព និងផ្តល់ផាសុខភាព កាន់តែខ្លាំងឡើងៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងនោះ យុវវ័យចាប់ផ្តើមនិយមចូលចិត្តពិសាតែបៃតងទឹកដោះគោកាន់តែច្រើនឡើងៗ ដោយសារតែវាមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អ្នកពិសានោះទេ អតិថិជនថែមទាំងអាចរីករាយ និងកម្សាន្តជាមួយទីកន្លែងដែលត្រជាក់ស្រួល សម្រាប់អង្គុយជជែកគ្នាកម្សាន្ត និងការផ្តល់ជូនដោយឥតគិតថ្លៃនូវ បណ្តាញ វ៉ាយហ្វាយ សម្រាប់លេងអ៊ីនធើណិត ជាពិសេសនោះ គឺតែបៃតងទឹកដោះគោ ដែលមានតម្លៃសមរម្យ។
លោកបន្ថែមទៀតថា ដោយបានមើលឃើញពីអត្ថប្រយោជន៍របស់តែបៃតងទឹកដោះគោ មិនត្រឹមតែជួយសម្រកជាតិខ្លាញ់ និងកាឡេស្ទើរ៉ូក្នុងសរសៃឈាមប៉ុណ្ណោះទេ វាថែមទាំងជួយការពារយើងពីជំងឺបេះដូងផ្សេងៗទៀតផង។ ម៉្យាងទៀត វាថែមទាំងជួយសម្រួលប្រព័ន្ធភាពស៊ាំក្នុងសារពាង្គកាយ ដើម្បីប្រយុទ្ធនឹងជំងឺ ដូចជា មហារីក រលាកថ្លើម ទឹកនោមផ្អែម និងជំងឺពិបាកដកដង្ហើម។ បន្ថែមលើនេះ ការពិសាតែបៃតងទឹកដោះគោច្រើនជួយឲ្យសុភាពនារីមានសាច់ឈាមស្រស់ថ្លា និងជួយបំប៉នសម្ផស្សជាដើម ទើបលោក រួមនឹងម្ចាស់ភាគហ៊ុន៣នាក់ទៀត សម្រេចចិត្តនាំយកផលិតផលតែបៃតងលក់នៅកម្ពុជា៕ធ.ដ