រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីរក្សាប្រពៃណី នៃការចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីរក្សាប្រពៃណីនៃការចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយនយោបាយប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បន ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តទេពពោធិ៍វង្ស ហៅ វត្តថ្មី ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្តខេត្តសៀមរាប និងជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និងអញ្ជើញពីសំណាក់ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង-សង្កាត់សៀមរាប គណៈអភិបាលក្រុងសៀមរាប លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនជាងពីរពាន់នាក់។ ក្នុងឱកាសនោះ ក៏មានធ្វើពិធីរាប់បាត្រចំពោះព្រះសង្ឃចំនួន៧០អង្គផងដែរ។

មានប្រសាសន៍នាឧកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តខេត្តសៀមរាបថា ថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ គោលបំណនៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបប ប៉ុល ពត ដ៏ឃោរឃៅនេះ។

ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលប្រជាជាពលរដ្ឋខ្មែរមួយប្រទេស បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ឯកឧត្តមបញ្ជាក់ថា សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំឲ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសាជាថ្មី។

គួររំលឹកថា ទិវាជាតិនៃចងចាំ ២០ ឧសភា  ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ «ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាថ្ងៃបុណ្យជាតិកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិ ជាផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕ធ.ដ

ដោយៈ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner