ក្រសួងអប់រំ ព្រមានចាត់វិធានការគណនីហ្វេសប៊ុកមួយដែលផ្សព្វផ្សាយអំពី ការបម្រើសេវាទទួលធ្វើសញ្ញាបត្របាក់ឌុប និងសញ្ញាបត្រដទៃទៀត

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃ២០ឧសភានេះ ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានគណនីហ្វេសប៊ុក មួយឈ្មោះថា (សេវាផ្សេងទៀត) បានបង្ហោះព័ត៌មានដែលមានចរិតបោកប្រាស់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ពន្ធ័នឹងការទទួលធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក។

ក្រសួងអប់រំចាត់ទុកថា ការបង្ហោះព័ត៌មានបែបនោះ ជាអំពើខុសច្បាប់ ដែលបំពានលើសេចក្ដីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិតកម្ពុជា។

ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកជនដែលបានបង្ហោះព័ត៌មាននោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងក្រសួងអំពាវនាវដល់សាធារណជន និងប្រពន្ធ័ផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរួមទប់ស្កាត់ការចែកចាយព័ត៌មាននោះតាមគ្រប់រូបភាព ព្រមទាំងសហការផ្ដល់ព័ត៌មានជូនដល់សមត្ថកិច្ចក្នុងការឈានទៅកំណត់មុខសញ្ញាជនដែល បានប្រព្រឹត្តអំពើខាងលើ។

សូមជម្រាបថា នៅប្រទេសកម្ពុជា សញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រ គឺធ្វើឡើងដោយឆ្លងកាត់កាលបរិច្ឆេទ និងទីកន្លែងច្បាស់លាស់ និងមានការត្រួតពិនិត្យដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមិនអាចស្ថាប័ន ឬបុគ្គលណាមួយអាចចេញសញ្ញាបត្រទាំងនោះ ដោយគ្មានការទទួលស្គាល់ពីក្រសួងអប់រំបានឡើយ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner