ក្រុមការងារចម្រុះរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលនិង​លើកទឹកចិត្តពលករខ្មែរ​ដែលត្រឡប់មកពីប្រទេសថៃ

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី រួមជាមួយក្រុមការងារចម្រុះនៃមន្ទីរ និង​ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានបន្ត​ចុះសម្របសម្រួលជូនដល់បងប្អូន​ពលករខ្មែរ​ដែលត្រឡប់មកពី​ប្រទេសថៃ នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត។

បងប្អូនពលករខ្មែរត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងឱ្យស្នាក់នៅ​ជាបណ្ដោះអាសន្ននៅមណ្ឌលសំចត ប៉ោយប៉ែត និងប្រឹក្សាយោបល់​អំពីឱកាសការងារជូនដល់បងប្អូនពលករទាំងនោះ ដើម្បីមានឱកាស​ទទួល​បានការងារ​ប្រកបរបរ​ចិញ្ចឹមជីវិតនៅស្រុកកំណើត​ ខណៈជម្លោះ​ព្រំដែនរវាងកម្ពុជា-ថៃ កាន់តែមានភាពតានតឹង។

ក្នុងឱកាសនេះឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យបាន​ណែនាំ​បន្ថែម​ឱ្យបង្កើនការងារផ្តល់សេវានានាជូន​ដល់​ពលករដែលឆ្លងដែន​មកពីប្រទេសថៃឱ្យបានឆាប់រហ័ស និង លឿនបំផុតតាមអ្វីដែលអាច​ធ្វើបាន ចំពោះបែបបទ ឯកសារនានាក្នុងកំឡុងពេលស្នាក់នៅទីតាំង​មណ្ឌលសំចតប៉ោយប៉ែតនេះ ។

លើសពីនេះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំរថយន្ត​សម្រាប់ដឹកបងប្អូនពលករ វិលត្រលប់​ទៅស្រុកកំណើត ព្រមទាំង​បានផ្តល់អាហារជូនផងដែរ៕
ដោយ៖ឃិន គន្ធា

ads banner