អភិបាលខេត្តរតនគិរី ចាត់ទុកថាការប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ២០ឧសភា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ៗរូប
រតនគិរី៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន បានចាត់ទុកថា ការប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ២០ឧសភា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ឯកឧត្តម បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលរដ្ឋបាលខេត្តរតនគិរី រៀបចំទិវាជាតិនៃការចងចាំ និងពិធីគោរពវិញ្ញាណក្ខន្ធ២០ឧសភាឆ្នាំ២០១៩ និងឧទ្ទិសកុសលជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមតំណាងរាស្រ្ត និងលោកជំទាវ ឯកឧត្តមប្រធាន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ថង សាវុន បន្តថា ទិវាជាតិនៃការចងចាំ ដែលយើងទាំងអស់គ្នាប្រារព្ធធ្វើជារៀរាល់ឆ្នាំនេះ ក៏ដើម្បីរំលឹកវិញ្ញាណក្ខន្ធជូនចំពោះប្រជាជន ព្រះសង្ឃ វីរជនស្នេហាជាតិ និងប្រជារាស្ត្រស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្រោមស្នាដៃដ៏ឃោរឃៅនៃរបបប្រល័យពូជសាសន៍ ដែលបានកាន់កាប់ត្រួតត្រា ដឹកនាំប្រទេសរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ធ្វើឲ្យជីវិតប្រជារាស្ត្រជាង៣លាននាក់បាត់បង់ និងរាប់លាននាក់ទៀតត្រូវព្រាត់ប្រាស់ បែកបាក់គ្រួសារ បងប្អូន ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា និង ជនពិការជាដើម។
ការបាត់បង់អាយុជីវិតប្រជាជនជាង៣លាននេះ មិនមែនជាការកំណត់ដោយកត្តា ធម្មជាតិទេ គឺជាអត្តនោម័តយ៉ាងពិតប្រាកដរបស់ពួកមេឃាតករប្រល័យពូជសាសន៍ ជាទមិឡឥតសាសនា គ្មានមនោសញ្ចេតនា គ្មានមនុស្សធម៌ សីលធម៌ មានតែចិត្តខ្មៅឧក្រិដ្ឋ សាហាវព្រៃផ្សៃយង់ឃ្នងផ្តាច់ការតែប៉ុណ្ណោះ។
ដោយនឹកឃើញឡើយវិញនូវសកម្មភាព និងទង្វើដ៏ឈឺចាប់នេះហើយ ដែលធ្វើឲ្យកូនខ្មែរនៅសេសសល់ពីការកាប់សម្លាប់ នៅមានអារម្មណ៍រន្ធត់ក្តុកក្តួលនៃវិនាសកម្មដែលមិនអាចភ្លេចបាន និងចងចាំអស់មួយជីវិតចំពោះការពលីជីវិតរបស់វីរជនកងទ័ពស្នេហាជាតិ។
ដើម្បីជាការតបស្នងសងគុណដល់វិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនទាំងអស់ ដែលបានបាត់បង់ជីវិតយ៉ាងវេទនាខ្លោចផ្សាជាទីបំផុតនោះ យើងទាំងអស់គ្នាត្រូវបន្តពង្រឹង និងលើកកម្ពស់ភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព ថែរក្សានូវរាល់សមិទ្ធផលជាតិ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងការពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងគ្រប់ថ្នាក់ រក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ ដែលកំពុងធ្វើដំណើរតែឆ្ពោះមុខឥតឈប់ ៕ធ.ដ
ដោយៈ គតិ យុត្ត