ចម្ការដូងក្រអូបរាប់សិបហិកតា លេចឡើងនៅខេត្តពោធិ៍សាត់ ក្នុងគម្រោងឋានព្រះឥន្ទ ដើម្បីបង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ
ពោធិ៍សាត់៖ មិនមែនតែនៅខេត្តសៀមរាប ក្នុងស្រុកស្រីស្នំប៉ុណ្ណោះទេ ដែលសម្រុកដាំកូនដូងក្រអូប នៅខេត្តពោធិ៍សាត់ ក្នុងស្រុកក្រគរឯណោះវិញ ក៏ត្រូវគេរាយការណ៍ថាក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានបើកគម្រោងឋានព្រះឥន្ទ សម្រុកដាំចម្ការដូងក្រអូបរាប់សិបហិកតា នៅដើមរដូវវស្សានេះផងដែរ។ តំណាងក្រុមហ៊ុនបានអះអាងថា ដោយសារតែដើមរដូវភ្លៀងផ្ដល់ភាពអំណោយផលក្នុងការបង្កាត់ពូជដំណាំ និងដើម្បីកុំឲ្យរាល់ការឈូសឆាយជាចម្ការត្រូវរំខានដោយភ្លៀងដក់ ទើបក្រុមហ៊ុនសម្រុកឈូសឆាយដីឲ្យរាបស្មើបានរាប់សិបហិកតា ហើយដីដែលឈូសឆាយរួច ក៏ត្រូវក្រុមការងារសម្រុកដាក់ដាំកូនដូងក្រអូបបានច្រើនហិកតា ដើម្បីកែប្រែដីស្រែ និងដីព្រៃដែលក្រុមហ៊ុនប្រមូលទិញបានពលរដ្ឋឲ្យក្លាយជាដីចម្ការមានប្រយោជន៍។
នៅលើផេករបស់ឋានព្រះឥន្ទ បានបង្ហោះពីសកម្មភាពចុះដាំកូនដូងក្រអូបយ៉ាងសស្រោកសស្រាំ ក្នុងខេត្តពោធិ៍សាត់ ដោយក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ក្រុមហ៊ុនដាំបានមិនតិចជាង៣០ហិកតានោះឡើយ នៅក្នុងស្រុកក្រគរ។ ឆ្លើយតបនឹងការបង្ហោះនេះ តំណាងក្រុមហ៊ុនក៏បានឆ្លើយតបនឹងការខលសួររបស់អ្នកសារព័ត៌មានយើង កាលពីល្ងាចថ្ងៃទី១៩ឧសភា ថា ក្រុមហ៊ុនពិតជាបានសម្រុកដាំដូងក្រអូបក្នុងទ្រង់ទ្រាយធំក្នុងខេត្តពោធិ៍សាត់បានប្រមាណជាង៣០ហិកតាក្នុងប៉ុន្មានសប្ដាហ៍នេះពិតមែន ដោយមិនមែនសម្រុកដាំតែនៅខេត្តសៀមរាបប៉ុណ្ណោះឡើយ។
តំណាងក្រុមហ៊ុនបញ្ជាក់ថា ការពន្លឿនដាំដុះឲ្យក្លាយជាចម្ការទាំងក្នុងស្រុកស្រីស្នំខេត្តសៀមរាប និងក្នុងស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ នៅក្នុងពេលនេះ គឺដើម្បីឆ្លើយតបនឹងការព្រួយបារម្ភថា ឋានព្រះឥន្ទ បើកលក់គម្រោងដីខ្យល់ និងដើម្បីឆាប់បានប្រគល់ចម្ការជូនដល់អតិថិជន ដែលកាលពីមុនគ្រោងប្រគល់នៅចុងឆ្នាំ២០១៩ តែក្រុមហ៊ុននឹងប្រគល់ឲ្យបានមុនកំណត់។ តំណាងក្រុមហ៊ុនបន្តថា សកម្មភាពពន្លឿនការឈូសឆាយ រៀបប្រព័ន្ធទុយោទឹក បណ្ដុះកូនធុរេន និងកូនដូងក្រអូប ក៏ត្រូវបានបង្កើនគ្រប់ទីតាំងដែលក្រុមហ៊ុនប្រកាសលក់ផងដែរ នៅដើមរដូវវស្សានេះ។ ក្នុងនោះចម្ការផ្កាឈូករ័ត្ន ក៏ត្រូវបានក្រុមហ៊ុនបន្ថែមការថែទាំ ដោយមានចម្ការខ្លះ ចាប់ផ្ដើមចេញផ្កាជាបណ្ដើរៗផងដែរ។
ជាមួយនឹងការអះអាង នៅលើផេករបស់ក្រុមហ៊ុនហង្សម្ចាស់ដី និងក្នុងផេករបស់ក្រុមភ្នាក់ងារ ក៏បានបង្ហោះពីកម្មវិធីជប់លៀង និងធ្វើពិធីប្រគល់រថយន្តជាច្រើនគ្រឿង ជូនដល់អតិថិជននៅថ្ងៃទី២៨ ឧសភា ខាងមុខ នៅរាជធានីភ្នំពេញ ផងដែរ ដែលបញ្ជាក់កាន់តែច្បាស់ថាក្រុមហ៊ុនកំពុងបោះជំហានទៅមុខ ដែលផ្ទុយពីការភ័យបារម្ភកាលពីមួយរយៈពេលមុន៕ធ.ដ