បុរសពិការភ្នែកទាំងសងខាង និងកូន៦នាក់ក្នុងបន្ទុក ទទួលបានអំណោយសប្បុរសធម៌ ពីមេបញ្ជការអាវុធហត្ថខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

ស្ទឹងត្រែង៖ បុរសក្រីក្រពិការភ្នែកទាំងសងខាង មានកូន៦នាក់ក្នុងបន្ទុក ត្រូវប្រពន្ធស្លាប់ចោល បានទទួលអំណោយ រួមនឹងថវិកាមួយចំនួន ពីមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បន្ទាប់ពីប្រពន្ធស្លាប់ចោលដោយសារផឹកថ្នាំបាញ់ស្បូវ ក្រោយពេលបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

អំណោយសប្បុរសធម៌ដែលចែកជូនបុរសពិការភ្នែក និងកូនៗ៦នាក់ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ចែកជូននៅរសៀលថ្ងៃទី១៩ឧសភា ម្សិលមិញនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង។ បុរសពិការភ្នែក ប្រពន្ធស្លាប់ចោលនេះមានឈ្មោះ សុវណ្ណថា អាយុ៤៨ឆ្នាំ រស់នៅក្រោយសាលារៀន៤៣ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ គាត់បានរៀបរាប់ឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ នេត ស៊ីនឿន អាយុ៣៨ឆ្នាំ បានផឹកថ្នាំធ្វើអត្តឃាត ព្រោះតែរឿងរកាំរកូសក្នុងគ្រួសារបន្តិចបន្តួច តែជាអកុសលមិនអាចសង្គ្រោះបាន។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា មានពលរដ្ឋក្រីក្រ ហើយត្រូវប្រពន្ធស្លាប់ទៀតនោះ ដោយមើលឃើញពីការខ្វះខាតនេះ ទើបរូបលោកបានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន រួមនឹងសប្បុរសជនមួយចំនួនទៀត បានយកទៅជូនបុរសពិការនេះ ដើម្បីជួយសម្រាលបន្ទុកបានមួយផ្នែកដែរ។ ក្រោយផ្តល់ជូនអំណោយ និងថវិកាសម្រាប់ធ្វើបុណ្យសពហើយនោះ ខាងក្រុមគ្រូពេទ្យក៏បានដឹកជញ្ជូនសព យកទៅប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណីផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner