ទិវាជាតិនៃការចងចាំ ដែលជាការរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋប្រារព្ធធ្វើឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក
ភ្នំពេញ៖ ទិវាជាតិនៃការចងចាំ ដែលជាទិវាមួយរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងធ្វើទារុណកម្មគ្មានត្រាប្រណី និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានមហាជនរាប់ពាន់នាក់ ដែលដឹកនាំដោយថ្នាក់ដែលដឹកនាំសាលារាជធានីភ្នំពេញ បានជួបជុំគ្នានៅសារមន្ទីរ ប្រល័យពូជសាសន៍ជើងឯង ដោយមានការចូលរួមពី ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមគ្នា ប្រារព្ធពិធីរំលឹកដល់អំពើឃោរឃៅរបស់ខ្មែរក្រហម នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ ការប្រារព្ធទិវានៃការចងចាំនៅឆ្នាំ២០១៩ ក៏មានការសម្តែងនូវឈុតឆាកមួយចំនួនបង្ហាញពីទង្វើដ៏សែនព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនៅចុងក្រោយ នៃកម្មវិធីមានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃប្រមាណ ២០៧អង្គ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបពិឃាតឃោរឃៅនេះជាង ២លាននាក់។ ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចំរើន ឆាប់រហ័ស។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ។
គួររម្លឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភា នៃសាធារណរដ្ឋ ប្រជាមានិត កម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។ សូមបញ្ជាក់ «ទិវាជាតិនៃការចងចាំ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និង ការឈឺចាប់ ពីឧក្រិដ្ឋកម្មដែលកើតមានក្នុង របបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិ នៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និង ការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យលើកតម្កើងការរំឭកដល់ជនរងគ្រោះការស្តារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះប៉ះប៉ូវ ការឈឺចាប់ផ្លូវចិត្ត និង ផ្នែកសង្គមដល់ ជនរងគ្រោះ និង ក្រុមគ្រួសារចូលរួមក្នុងការផ្សះផ្សារជាតិ និង ជំរុញឲ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និង លើកកម្ពស់ការផ្សព្វផ្សាយ និង ការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
មាត្រា២ នៃអនុក្រឹត្យនេះចែងថា ទិវាជាតិ នៃការចងចាំនេះត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬ ទំនៀមទម្លាប់របស់ខ្លួន៕