រថយន្ត 4Runner បុកបង្គោលភ្លើង និងផ្លាកសញ្ញាចរាចរណ៍ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាក4Runner យ៉ាងលឿនជ្រុលឡើងសួនច្បារចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើង និងផ្លាកសញ្ញាចរាចរណ៍រងការខូចខាត កាលពីម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅច្រកចូលទឹកសុទ្ធOral ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតុហេតុ គេបានឃើញបុរសម្នាក់ បើក
រថយន្តម៉ាក4Runner ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2J-8305 តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ រថយន្តបានរេចង្កូតមកឡើងសួនចែកទ្រូងផ្លូវជ្រុលទៅបុកនឹងបង្គោលភ្លើង រួមនឹងផ្លាកសញ្ញាចរាចរណ៍ រងការខូចខាតរថយន្តអស់មួយកំណាត់មុខ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងនឹងអ្នកដទៃនោះឡើយ។
ភ្លាមៗនោះដែលម្ចាស់រថយន្តបង្កបានចុះរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ច
ធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ