រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា ខ្ទាតរថយន្តមួយគ្រឿងឡើងលើទ្រូងផ្លូវ នៅផ្លូវជាតិលេខ២

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តនីស្សាន់មួយគ្រឿងបើកលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្តព្រូសមួយគ្រឿង ហើយរថយន្តព្រូសជ្រុលចង្កូតទៅបុកនឹងរថយន្ត Discovery មួយគ្រឿងផ្សេងទៀត បណ្តាលឲ្យរថយន្ត Discovery ជ្រុលបុកឡើងលើទ្រូងផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ២ ជាប់នឹងវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញរថយន្តម៉ាកនីស្សាន់ និងរថយន្តម៉ាកព្រូស បើកបរធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ រថយន្តព្រូស បានបត់ទៅខាងឆ្វេងដៃ ដើម្បីឆ្លងទៅផ្លូវម្ខាងទៀត បំណងបត់ឆ្លងទៅកាន់ផ្ទះរបស់ខ្លួន ក៏ត្រូវរថយន្តនីស្សាន់ដែលធ្វើដំណើរពីក្រោយនោះបានបើកបុកគូទរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខ្ទាតទៅបុកនឹងរថយន្ត Discovery ដែលកំពុងជិះធ្វើដំណើរនៅចំណែកផ្លូវម្ខាងទៀត ក្នុងទិសដៅពីត្បូងទៅជើង រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង ធ្វើឲ្យរថយន្តឡើងលើរបាំងថ្មតែម្តង។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋាន រួមទាំងនគរបាលជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែង អូសយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner