អង់គ្លេសគ្រោងទិញយន្តហោះចម្បាំងអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរពីអាមេរិក

អូស្លូ ៖ ចក្រភពអង់គ្លេសមានផែនការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ១២គ្រឿងពីសហរដ្ឋអាមេរិក ក្នុងតម្លៃសរុបខ្ទង់ ១.២ពាន់លានដុល្លារ ដោយយន្តហោះទាំងនេះ មានសមត្ថភាពទុកគ្រាប់បែកនុយក្លេអ៊ែរ B-61 នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

វិមាន Downing Street បាននិយាយថា ការទិញយន្តហោះចម្បាំងពីក្រុមហ៊ុន Lockheed Martin នេះ នឹងអនុញ្ញាតឱ្យកងកម្លាំងអាកាសរបស់អង់គ្លេស អាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរបានជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាជ្រុលនិយមបែបនេះ អង់គ្លេសមិនអាចព្រងើយកន្តើយនឹងសន្តិភាពបានទៀតទេ ហើយនេះជាមូលហេតុដែលរដ្ឋាភិបាលអង់គ្លេស កំពុងវិនិយោគលើសន្តិសុខជាតិរបស់ខ្លួន។

អង់គ្លេសនិយាយថា ការទិញយន្តហោះចម្បាំងនេះនឹងអនុញ្ញាតឱ្យខ្លួនរួមចំណែកនូវអ្វីដែលគេហៅថា យន្តហោះដែលមានសមត្ថភាពពហុមុខងារជួយដល់អង្គការណាតូ ដើម្បីផ្ទុកអាវុធនុយក្លេអ៊ែរក្នុងករណីមានជម្លោះ។

អង់គ្លេសក៏បានប្ដេជ្ញាដែរថា នឹងបង្កើនថវិកាការពារជាតិ និងសន្តិសុខរបស់ខ្លួនដល់ ៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៥ ដើម្បីបំពេញតាមគោលដៅរបស់ណាតូ។

ស្របពេលជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា ការសម្រេចចិត្តរបស់អង់គ្លេស គឺជាការរួមចំណែកដ៏រឹងមាំមួយទៀតរបស់ទីក្រុងឡុងដ៍ ចំពោះសម្ព័ន្ធយោធាណាតូ។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា យន្តហោះចម្បាំងជំនាន់ទី៥ ដែលផលិតឡើងដោយក្រុមហ៊ុនអាមេរិក Lockheed Martin គឺជាយន្តហោះចម្បាំងទំនើបបំផុតមួយនៅលើភពផែនដី ហើយក៏ជាយន្តហោះមានតម្លៃថ្លៃបំផុតមួយផងដែរ។

យន្តហោះចម្បាំង F-35A មានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-61 ផលិតដោយសហរដ្ឋអាមេរិក។ F-35A មានសមត្ថភាពបំបាំងកាយដែលអនុញ្ញាតឱ្យវាអាចគេចចេញពីការចាប់ដោយប្រព័ន្ធរ៉ាដា និងត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដាដែលមានសមត្ថភាពខ្ពស់ដែលអាចចាប់បានមីស៊ីលផ្លោង៕

ប្រភព ៖ BBC និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner