ឯកឧត្តម លី កុសល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមធ្វើ​ម្ចាស់ផ្ទះ​កីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ នាដើមខែកក្កដា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២៥ ឯកឧត្តម លី កុសល រដ្ឋលេ​ខាធិ​ការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានដឹកនាំកិច្ច​ប្រជុំ​ត្រួតពិនិត្យវឌ្ឍនភាពងារងាររបស់សហព័ន្ធកីឡាវាយសីដែល​ធ្វើបានកន្លង​មក​និងជជែកពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយ ពិសេស គឺត្រួតពិនិត្យ​ជា​ចុងក្រោយការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯក​អាស៊ី​អាគ្នេយ៍ ក្រោមអាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ ថ្ងៃទី​០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជាបានគូសបញ្ជាក់ថា ការងារ​មួយ​ចំនួន​ដូច​ជា​កម្មវិធី​ហ្វឹកហាត់ ត្រៀមខ្លួនរបស់កីឡាករកីឡាការិនីជម្រើសជាតិ​ក្នុងការ​ត្រៀមចូលរួមការប្រកួតអន្តរជាតិនានាក្នុងឆ្នាំ២០២៥នេះ គឺកំពុងតែដំណើរ​ការ​ហ្វឹកហាត់យ៉ាងរលូន ក្រោមការតាមដានជាប្រចាំ ដើម្បីសម្រួចសមត្ថភាពឆ្ពោះ​ទៅរកគុណភាពសក្កានុពលការប្រកួតលើឆាកអន្តរជាតិ។

ទន្ទឹមនេះ ក្រុមការងារទាំងអស់បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ​រៀបចំឱ្យមានការប្រកួតនៅក្នុងស្រុកឱ្យមានកាន់តែច្រើន ដើម្បីចម្រាញ់រកធនធាន​ល្អៗ​ចេញពីតាមបណ្តាក្លឹប។ ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំការប្រកួតគ្រប់​ផ្នែកទាំងអស់បានត្រៀមខ្លួនគ្រប់ផ្នែក ដើម្បីជំរុញឱ្យដំណើរការរៀបចំធ្វើម្ចាស់​ផ្ទះ​របស់កម្ពុជាប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក។ ពីព្រោះថា ការរៀបចំការប្រកួតកីឡាវាយសីកម្រិតអាស៊ីអាគ្នេយ៍នៅកម្ពុជា ឆ្នាំ២០២៥នេះ គឺជាលើកទី២ហើយ។

ឯកឧត្តម កែវ រស់ បន្ថែមថា ក្រៅពីការត្រួតពិនិត្យមើលលើវឌ្ឍនភាពការងារនេះ យើងក៏បានត្រួតពិនិត្យមើលការរៀបចំក្រុមកីឡាករ កីឡាការិនីទាំង៣កម្រិត U15 U17 និងឈុត U23 របស់កម្ពុជាថាតើពួកគាត់ដែលត្រូវបានជ្រើសរើសចូលរួមក្នុង​ក្រុមជម្រើសជាតិនេះមានតម្លាភាពដែរឬទេ ដើម្បីឱ្យសមស្របនឹងគោលការណ៍​យុត្តិធម៌ និងផ្តល់ឱកាសជូនដល់ពួកគាត់បានបញ្ចេញស្នាដៃ ក្នុងការប្រជែង​មេដាយ​ជូនជាតិ។

បន្ថែមពីលើនេះ ឯកឧត្តម លី កុសល ក៏បានណែនាំឱ្យក្រុមគ្រូបង្វឹកនៃកីឡាករ កីឡា​ការិនីកម្ពុជាទាំង៣ឈុតត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួចគុណភាពពួក​គេឱ្យ​មាន​សិទ្ធផលខ្ពស់ ដើម្បីដណ្តើមឱ្យបានមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះជើងឯក​អាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥នេះ។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកី​ឡា​វាយសី ជើងឯកអាស៊ីអាគ្នេយ៍នេះទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសី ជើង​ឯកអាស៊ីអាគ្នេយ៍ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ មាន​៥ប្រ​ទេស​ចូល​រួម​គឺម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើតនេះ គឺជាលើកទី២ហើយ។ ដោយកាលពីលើកទី១ក្នុង ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់​ព្រឹត្តិការណ៍ស៊ី​ហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានា ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner