វត្តមានមន្រ្តីនគរបាលកីឡាកម្ពុជា ក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់​អគ្គិភ័យ​ពិភពលោក មិនត្រឹមតែចូលរួមប្រកួតកីឡានោះទេ ពោលគឺទៅ​ដើម្បី​ផ្សព្វផ្សាយអំពីកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មន្រ្តីនគរបាលកីឡានៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លើ៩ប្រភេទកី​ឡា ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៥ បានចេញដំណើរទៅចូលរួមការប្រកួតកីឡា​នគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋ​អាមេរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានកីឡាមុនឡើងយន្តហោះ ឯកឧត្តម សរ សិទ្ធិ បានឱ្យដឹង​ថា ការចូលរួមរបស់មន្រ្តីនគរបាលកីឡាកម្ពុជា ក្នុងព្រឹត្តិការណ៍មួយនេះ គឺបាន ៣លើក​រួមមកហើយ ខណៈការចូលរួមក្នុងឆ្នាំ២០២៥លើកទី២១ នៅសហរដ្ឋ​អាមេរិក​នេះ គឺជាលើកទី៤សម្រាប់កម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងរំលេចទៀតថា ព្រឹត្តិការណ៍ការ​ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ដែលរៀបចំឡើងរៀងរាល់​២ឆ្នាំម្តងនេះ គឺការរៀបចំមានគោលបំណងបង្ហាញអំពីការរិតចំណង​សាមគ្គី​ភាព​របស់​មន្រ្តីនគរបាលទាំងអស់ដែលមកពីជុំវិញពិភពលោក បន្ទាប់ពីបំពេញតួនាទី​ភារកិច្ចជាកងកម្លាំងអនុវត្តច្បាប់ ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា សម្រាប់វត្តមានមន្រ្តីនគរបាល​កីឡា​កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ គឺមិនមែនចូលរួមគ្រាន់តែប្រកួត​កីឡានោះទេ ពោលវត្តមានការចូលរួមរបស់កម្ពុជា គឺបានពាំនាំយកទៅនូវការ​ផ្សព្វផ្សាយ​អំពីកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភព​លោក​ឱ្យគេ​បានស្គាល់បានដឹងអំពីវប្បធម៌ ប្រពៃណីដ៏ផូផង់របស់កម្ពុជា ពិសេស គឺសមិទ្ធផល​រីកចម្រើន​របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្រាប់ការចូលរួមរបស់មន្រ្តីនគរបាលកីឡាក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃលើជាលើកទី៤នេះ គឺលទ្ធផលដែលទទួលបានត្រឡប់មកជូនកម្ពុជា គឺមានការសង្ឈឹ​ម​ខ្ពស់ ដ្បិតលទ្ធផលការចូលរួមកាលពីលើកទី២០ នៅប្រទេសកាណាដា កម្ពុជា​ដណ្តើ​ម​បានមេដាយសរុបចំនួន៧១គ្រឿងមានមេដាយមាស ប្រាក់ និងសំរឹទ្ធ ឈរ​ក្នុងចំណាត់ទី១០ ក្នុងចំណោមប្រទេសចូលរួមចំនួន៧០មកពីជុំវិញពិភព​លោក។

ការចូលរួមរបស់អត្តពលិកមន្រ្តីនគរបាលកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋ​អាមេរិកនេះ គាំទ្រឧបត្ថម្ភថវិកា ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង​សេដ្ឋកិច្ច​និ​ងហិរញ្ញវត្ថុ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរដ្ឋាននគរ​បាលជាតិ។ អត្តពលិកមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីសរុប៥២នាក់ លើ៩ប្រភេទកីឡា រួមមានកីឡាវាយសី ចំបាប់ ជឺជិតស៊ូ យូដូ ហែលទឹក វាយកូនឃ្លីលើតុ ការ៉ាតេ តេក្វាន់ដូ និងកីឡាបាល់ទះ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner