ក្រសួងប្រៃសណីយ៍ជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥​បានជូនដំណឹងដល់ក្រសួង​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណ​ជនទាំងអស់ ថា ក.ប.ទ. បានសង្កេតឃើញមានការវាយប្រហារ​សាយប័រមក​លើវេបសាយ​និង​ប្រព័ន្ធអនឡាញ​មួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើន​ឡើង​គួរឱ្យកត់សម្គាល់ ដែលការវាយប្រហារ​នោះ​រួមមាន ការវាយ​ប្រហារ Distribute Denial of Service (DDoS) ការវាយ​ប្រហារ​លួចចូលគ្រប់គ្រងវេបសាយ និងការ​លួចយកគណនីរបស់​អ្នក​ប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។

ក.ប.ទ. សូមក្រើនរម្លឹកនិងជម្រាបជូន ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការ​ប្រុង​ប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនី​របស់​អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈាន​ដល់ការលួច​ព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។ សូមពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារ​គណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួត​ពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនី​ពី​ឧបករណ៍​ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់​ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាម​ប៉ុនប៉ង​ផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់​ទៅដល់ប្រតិបត្តិការនៃ​ប្រព័ន្ធ ឬសេវាអនឡាញ។

កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់សារធារណជន​ឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនអំពីការវាយប្រហារ ឬនិន្នាការ​ឆបោកថ្មីតាមរយៈអ៊ីនធឺណិត និងបណ្តាញសង្គម​ផ្សេងៗ។ ចំពោះព័ត៌បន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់​អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយ​តបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមាន​គេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ​ផ្នែក​បច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០៧០ ៣៩៤ ៩១៨ / ០៩៩ ២៥៨ ៩៩៩។

ក.ប.ទ. សូមអំពាវនាវសាជាថ្មីដល់ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះការវាយប្រហារសាយប័រដែលកំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នេះ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner