តំណាងអយ្យការបានសម្រេចបញ្ជូនប្រធានក្រុមហ៊ុន GCG Asia ដែលយករូបសម្តេចតេជោទៅបង្ហោះដោយខុសច្បាប់ ទៅចៅក្រមស៊ើបសួរបន្ដនីតិវិធី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីសួរដេញដោលប្រធានក្រុមហ៊ុន GCG Asia ដែលយករូបសម្តេចតេជោទៅបង្ហោះដោយខុសច្បាប់ ចប់សព្វគ្រប់ហើយនោះ
តំណាងអយ្យការបានសម្រេចបញ្ជូនជនជស្ស័យ និង សំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ប្រាប់អ្នកកាសែតថា ក្រោយពីបានទទួល និង ពិនិត្យសំណុំរឿងព្រមទាំងសាកសួរចម្លើយលើឈ្មោះ YAW FOO HOE ចប់សព្វគ្រប់ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ប៉ុនប៉ងឆបោក តាមមាត្រា៣ ៧៧ មាត្រា៣៧៨ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនល្មើសនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមជម្រាបជូនថា សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ DARREN YAW FOO HOE ជនជាតិម៉ាឡេស៊ី ជាថៅកែក្រុមហ៊ុន GCG Asia កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ។
ការឃាត់ខ្លួនជនសង្ស័យ និងបិទទ្វារក្រុមហ៊ុន GCG Asia Co., LTD ព្រោះជនសង្ស័យហ៊ានយកឈ្មោះ និងរូបថតសម្ដេចតេជោ ហ៊ុន សែន បង្ហោះលើគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ ដែលនាំឲ្យសម្តេចតេជោ មានប្រតិកម្ម កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចថា «ដំណឹងសន្តិសុខជាតិបន្ទាន់! កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ ទន្ទឹមនឹងនោះក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ។
តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List»៕