ចិនផលិត Drone ទំហំប៉ុនសត្វ «មូស»

បរទេស ៖ វិទ្យាស្ថានស្រាវជ្រាវយោធា ក្នុងប្រទេសចិន បានបង្ហាញ នូវយន្តហោះគ្មានមនុស្សបើក ឬ Drone ស៊ើបការណ៍ ដែលមានទំហំ និងរូបរាងដូចគ្នា ទៅនឹងសត្វមូស នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Independent កាលពីថ្ងៃទី២៥ ខែមិថុនា។

ដ្រូនដែលអាចបញ្ជាបាន តាមរយៈស្មាតហ្វូន
បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិ ហៅកាត់ NUDT នៅក្នុងខេត្តហ៊ូណាន ប្រទេសចិន។ ដ្រូន «មូស» បានបំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលធ្វើឱ្យពួកវាមានប្រយោជន៍ សម្រាប់ប្រតិបត្តិការយោធាសម្ងាត់។

លោក Liang Hexiang និស្សិត នៅសកលវិទ្យាល័យ NUDT បានប្រាប់ទូរទស្សន៍ CCTV 7 ថា «គ្រឿងយន្តខ្នាតតូចជីវសាស្ត្រ បែបនេះ គឺស័ក្តិសម ជាពិសេស សម្រាប់ការឈ្លបយកការណ៍ព័ត៌មាន និងបេសកកម្មពិសេស នៅលើសមរភូមិ។ ឧបករណ៍នេះ គឺជាផ្នែកមួយ នៃនិន្នាការកើនឡើង នៃយន្តហោះគ្មានមនុស្សបើកខ្នាតតូច សម្រាប់ប្រើប្រាស់ ក្នុងវិស័យពាណិជ្ជកម្ម និងយោធា។

គួររម្លឹកថា កាលពីខែមេសា សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក ក៏បានដាក់បង្ហាញ នូវយន្តហោះដ្រូន ស្រដៀងនឹង ឃ្មុំ RoboBee ចុងក្រោយរបស់ខ្លួន ដែលមានសមត្ថភាពហោះហើរ និងចុះចតតាមរបៀបស្រដៀងគ្នាទៅនឹងសត្វឃ្មុំ។

តែ អ្នកស្រាវជ្រាវនៅពីក្រោយបច្ចេកវិទ្យា បានអះអាងថា ដ្រូននេះ នឹងត្រូវបានប្រើសម្រាប់ ការត្រួតពិនិត្យបរិស្ថាន និងការឃ្លាំមើលគ្រោះមហន្តរាយ៕

ប្រភព៖ Independent ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner