សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដែលជឿជាក់ និងគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បានសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានការជឿជាក់ និងគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ ។ សម្ដេចក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះបណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍រៀងរហូតមក ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងពិធីមីឆ្អឹងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ។

សម្ដេចតេជោ បានថ្លែងថា រាល់សមិទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេលជាង ៤៦ឆ្នាំ មកនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត មានអត្ថន័យយ៉ាងធំធេងសម្រាប់ការឋិតថេរ និងរីកចម្រើនយូរអង្វែងរបស់ជាតិយើង។ ប្រាកដណាស់ថា ផ្លូវទៅមុខទៀតនៅវែងឆ្ងាយ ដើម្បីសម្រេចទាំងស្រុងនូវក្ដីប្រាថ្នារបស់យើងក្នុងការស្ថាបនាទឹកដីមាតុភូមិ និងប្រជាជាតិប្រកបដោយអរិយធម៌ ដែលគ្មានការកើតមានជាថ្មីនូវគ្រោះមហន្តរាយដូចពីអតីតកាល។ ប៉ុន្តែពេលវេលាបានសាកល្បងរួចហើយនូវកម្លាំង ឆន្ទៈ ស្មារតី និងសមត្ថភាពរបស់យើង យើងពិតជាអាចយកឈ្នះបានលើរាល់ឧបសគ្គ និងការលំបាកនានាខាងមុខទៀតក្នុងការកសាង និងការពារមាតុភូមិ ផ្អែកលើកម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំ ។

សម្ដេចតេជោ សូមយកឱកាសនេះ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជនគណបក្ស បណ្ដាអង្គការមហាជន មន្ត្រី និងសមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តនូវភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ។

សម្ដេចតេជោ បានបញ្ជាក់នូវចំណុចមួយចំនួន ក្នុងជំហរស្មោះត្រង់ឥតងាករេចំពោះគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងនាមគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងកសាងព្រះរាជាណាចក្រ-កម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិប-តេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ, មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម, ប្រជាជនមានចំណេះដឹង និងការងារធ្វើកាន់តែប្រសើរ មានសុខភាពមាំមួន វប្បធម៌ថ្លៃថ្លា មានសាមគ្គី-ភាព និងជីវភាពរស់នៅសមរម្យ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា និងពីអំពើហិង្សាគ្រប់ទម្រង់។

ការដឹកនាំត្រឹមត្រូវខាងនយោបាយជាកត្តាចម្បងនៃជ័យជម្នះ អាស្រ័យហេតុនេះ គណបក្សត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើគ្រប់ផ្នែកឱ្យបានជាប្រចាំ ទាំងការយល់ដឹង និងការប្រតិបត្តិឱ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ជាតិ ជាពិសេសសភាពការណ៍សេដ្ឋកិច្ច សង្គម និងសភាព-ការណ៍អន្តរជាតិដែលមានការវិវត្តឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ និងការពង្រឹងពង្រីកទំនាក់ទំនងក្រៅប្រទេស ដើម្បីធានានូវការដាក់ចេញកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានា លើរាល់បញ្ហាបានត្រឹមត្រូវ ។

ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារមាតុភូមិ។ ប្រជាជនជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ។ ប្រវត្តិសាស្ត្រជាក់ស្ដែងរបស់កម្ពុជាជាង ៤ទសវត្សមកនេះ បានបញ្ជាក់ច្បាស់នូវប្រការខាងលើនេះថា បើ ប្រជាជនយល់ ប្រជាជនជឿ ប្រជាជនគាំទ្រ និងចូលរួម ទើបគណបក្សអាចសម្រេចនូវបុព្វហេតុរបស់ខ្លួនបាន។ អាស្រ័យហេតុនេះ រាល់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវស្មោះត្រង់នឹងប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន ។

គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប ត្រូវក្ដាប់ឱ្យជាប់នូវមូលហេតុទាំង ៦យ៉ាងនៃជោគជ័យរបស់គណបក្ស ដើម្បីតម្រែតម្រង់ទិសសកម្មភាពឱ្យបានត្រឹមត្រូវក្នុងការបន្តកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ការមិនយកចិត្តទុកដាក់ចំពោះមូលហេតុទាំងអស់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តកម្មវិធីនយោបាយ និងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្សដែលចាំបាច់ត្រូវតែជម្នះ និងដោះស្រាយឱ្យបានឆាប់នៅទីកន្លែងណាដែលមានភាពអសកម្មនេះ ៕
ដោយះ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner