ចោរលួចរថយន្តម៉ាក កាមរីឡែន មួយគ្រឿងបានសម្រេចនៅសង្កាត់ ស្ទឹងមានជ័យទី១
ភ្នំពេញ ៖ រថយន្តកាមរីបាឡែន មួយគ្រឿង របស់បុគ្គល អង្គការ ចតទុកមុខផ្ទះរាល់យប់ដូចសព្វដង ត្រូវបានចោរលួច យក ពីម្ដុំខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ហើយបើកគេចខ្លួនចេញទៅតាមផ្លូវបេតុង ជាប់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចបេីកគេចខ្លួនបាត់ស្រមោល ទេីបផ្អេីលឆោឡោឡេីង ហេីយផ្ដល់ដំណឹងទៅវិទ្យុABC ជួយផ្សាយអោយសមត្ថកិច្ចគ្រប់គោលដៅ ជួយស្ទាក់រថយន្តផងដែរ និង ទាក់ទង ដល់កម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះទៅពិនិត្យមើល និងសាកសួរផងដែរ។
ហេតុការណ៍ លួចរថយន្តនេះបានកើតឡើងកាលពីម៉ោងជិត៣និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងលេខ៣៤H ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។
រថយន្តដែលត្រូវបានចោរលួចយកទៅបាត់នោះម៉ាក CAMRY បាឡែន ស៊េរីឆ្នាំ ២០១៣ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AC-9356 ដែលមានម្ចាស់ឈ្មោះ នៅ សារ៉ាត់ ភេទប្រុស មុខរបរបុគ្គលិក អង្គការ GIZ ។
បេីតាមសម្ដីម្ចាស់រថយន្តរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ រថយន្តរបស់គាត់ បានចតទុកមុខផ្ទះរាល់យប់ដូចសព្វដង មិនខុសណាពីរថយន្ត ផ្សេងៗទៀត ច្រើនគ្រឿង ចតទុកតែមុខផ្ទះល្វែងខាងលើជាប់ៗគ្នា លុះវេលាម៉ោងកេីតហេតុ ខាងលើស្រាប់តែម្ដាយរបស់គាត់ស្រែកដាស់អ្នកផ្ទះឲ្យងេីប ទើបដឹងថារថយន្តគាត់ ត្រូវបានចោរកំពុងលួចយកបេីកចេញទៅហេីយ ទើបផ្ដល់ព័ត៌មានប្រាប់វិទ្យុABC ជួយផ្សាយបន្ទាន់ និងទាកក់ទងឲ្យសមត្ថកិច្ច ចុះមកពិនិត្យដល់ទីតាំង ។
បន្តិចក្រោយមកគេឃេីញ មានកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ និងកម្លាំងស៊ីវិលរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះមកកន្លែងកេីតហេតុ រួចធ្វេីការសាកសួរ និងធ្វេីកំណត់ហេតុ ឲ្យបានដឹងសិនប៉ុណ្ណោះ ព្រោះស្អែកព្រឹកទេីបម្ចាស់រថយន្ត ទៅដាក់ពាក្យបណ្ដឹង តាមក្រោយទៀត៕