កង់បី និងម៉ូតូ បេីកមិនគោរពភ្លេីងស្ទុបជ្រុលទៅបុករថយន្តមួយគ្រឿងកំពុងឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានម៉ូតូ ម៉ាកហុងដាឌ្រីមមួយគ្រឿងរួម និងកង់បីមួយគ្រឿងទៀត បានបេីកបរមិនគោរពភ្លេីងស្ទុប  បានជ្រុលទៅបុករថយន្តម៉ាក Ford មួយគ្រឿង កំពុងបេីកឆ្លងផ្លូវ  ចំមុខ និងចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត  កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវ៩៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងមានរថយន្តម៉ាក Ford ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ  2BG-1390 ដែលបេីកបរដោយជនជាតិបរទេស បានឆ្លងពីផ្លូវព្រះមុន្នីវង្ស មកផ្លូវ៩៦ ដោយមានសញ្ញាភ្លេីងខៀវ ។ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1G-1344 ជិះដោយយុវជនម្នាក់ និងមានម៉ូតូកង់បីដឹកឥវ៉ាន់មួយគ្រឿងទៀត បានធ្វេីដំណេីរទន្ទឹមគ្នាបំពានភ្លេីងស្ទុប  ក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាក Ford  ចំពីមុខ និងចំហៀងពេញទំហឹង បណ្ដាលឲ្យបែកចង្កៀង និងបាក់កាង រងការខូចខាត  ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ  ហេីយមួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់  រួចគូសវាស់យកវត្ថុតាងមកអែមខាងសិន  ដេីម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរ។

ក្រោយមក ដោយភាគីរថយន្តម៉ាក Ford និងម៉ូតូកង់បី មានក្រុមហ៊ុនធានារ៉ាប់រងដូចគ្នា  ទេីបភាគីខាងម៉ូតូកង់បីចេញថ្លៃខូចខាតត្រង់ចំណុចដែលខ្លួនបុក រីឯភាគីខាងម៉ូតូ  ដោយសារភាគីរថយន្តយល់ឃេីញថាជាសិស្សសាលា និងមិនមិនសូវមានលុយកាក់ផងនោះ ក៏ព្រមឲ្យត្រឡប់ទៅវិញ  ដេីម្បីបញ្ចប់រឿងនៅ នឹងកន្លែងតែម្ដង៕ ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner