បារាំងព្រួយបារម្ភ ក្រោយអ៊ីរ៉ង់ចង់ដកខ្លួនពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ
ប៉ារីស ៖ មេដឹកនាំបារាំងទទួលស្គាល់ថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺមានប្រសិទ្ធភាពពិតប្រាកដ ប៉ុន្តែសេណារីយ៉ូដ៏អាក្រក់បំផុតនឹងលេចឡើង បើសិនពេលនេះអ៊ីរ៉ង់ចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរជាសកល។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំកំពូលរបស់អឺរ៉ុបនៅទីក្រុងព្រុចសែលថា អ្វីដែលអាក្រក់បំផុតនោះ គឺថា ផលវិបាកនឹងកើតឡើង បើសិនអ៊ីរ៉ង់សម្រេចចិត្តចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។
ហើយក្នុងគោលបំណងចងជើងអ៊ីរ៉ង់នៅជាមួយសន្ធិសញ្ញានេះ លោកប្រធានាធិបតី ម៉ាក្រុង គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយសមាជិកទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កិច្ចពិភាក្សានោះបានចាប់ផ្តើមរួចហើយ ជាមួយនឹងការនិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍។
អ៊ីរ៉ង់បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ (NPT) ក្នុងឆ្នាំ១៩៧០ ដោយប្តេជ្ញាថា ខ្លួននឹងប្រកាសពីសម្ភារៈនុយក្លេអ៊ែររបស់ខ្លួនដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។
ទោះបីជាយ៉ាងណា ថ្មីៗនេះអ៊ីរ៉ង់បានចាប់ផ្តើមរៀបចំឯកសារសម្រាប់ការដកខ្លួនចេញពីសន្ធិសញ្ញានេះ ដោយចោទប្រកាន់ទីភ្នាក់ងារនេះថា ជា “ដៃគូ” របស់អ៊ីស្រាអែលនៅក្នុង “សង្គ្រាមឈ្លានពាន” អ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា