ឯកឧត្តម សុខ សូកេន ៖ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអធិការកិច្ច នឹងផ្ដល់កាលានុវត្តភាពថ្មីៗ ក្នុងការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើពុករលួយ និងអភិវឌ្ឍន៍ប្រទេសជាតិ
(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន មានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិអធិការកិច្ច ត្រូវតែធានាបាននូវការផ្ដល់មូលដ្ឋានចំណេះដឹងរឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងការបំពេញភារកិច្ច តាមក្រសួង ស្ថាប័ន នានា នៅរដ្ឋបាលថ្នាក់ក្រោមជាតិផ្នែកត្រួតពិនិត្យ និងអាចចាប់យក បទពិសោធល្អៗដើម្បីបំពេញការងារឲ្យកាន់តែប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈអធិការកិច្ចនេះ នឹងផ្ដល់កាលានុវត្តភាពថ្មីៗដល់បងប្អូនសិក្ខាកាមក្នុងការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើពុករលួយ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍បែបនេះ នាល្ងាចថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីបិទវគ្គ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈអធិការកិច្ច ជំនាន់ទី៧វគ្គទី២ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា វិទ្យាស្ថានជាតិអធិការកិច្ចនៃក្រសួងអធិការកិច្ចជាផ្នែកមួយក្នុងយុទ្ធសាស្ត្រ”ព៤ជ៤” ដោយបានចូលរួមផ្ដល់ និងបង្កើនសម្ថតភាពវិជ្ជាជីវៈអធិការកិច្ចដល់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាព និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ភាពថ្លៃថ្នូរ ប្រកបដោយសុចរិតភាព និងមានមនសិកាចំពោះជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា លទ្ធផលដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ពិតជា ទទួលបានចំណេះដឹងអំពីមូលដ្ឋានគ្រឹះអធិការកិច្ច ការចុះអនុវត្តអធិការកិច្ច នីតិវិធីធ្វើអធិការកិច្ច របាយការណ៍ កំណត់ហេតុ ដើម្បីទុកជាមូលដ្ឋានអំពីឥរិយាបថ និងតួនាទីដែលមន្ត្រីអធិការកិច្ចគប្បីប្រកាន់យកចំពោះមុខការងារ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ


