សាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ចំនួន២ ត្រូវបានសមត្ថកិច្ចយកទៅបិទនៅអតីត ស្នាក់ការ គណបក្សសង្គ្រោះជាតិ
សាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ចំនួន២ ត្រូវបានសមត្ថកិច្ចយកទៅបិទនៅទីស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ សាលក្រមទាំង២នេះ បានកាត់ទោសទណ្ឌិត សម រង្ស៊ី ឱ្យជាប់ពន្ធនាគារសរុប៨ឆ្នាំ និងពិន័យជាប្រាក់២០លានរៀលចូលជាថវិកាជាតិ។
ករណីទាំង២នេះ រួមមាន៖ ទី១)ជំនុំជម្រះលើបទចោទញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលតុលាការបានកាត់ទោសទណ្ឌិត សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀល និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាត់ទោសទណ្ឌិត សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យប្រាក់១០លានរៀលដូចគ្នា។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។
ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែរកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ៕ធ.ដ