លួចម៉ូតូមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង នៅស្តុបណតប្រ៊ីដ ផ្លូវលេខ២០០៤ កែងផ្លូវលេខ១០១៩ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទអំពើលួច (យកម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង ១H ៣៨៣៥ មិនបានសម្រេច) ប្រព្រឹត្តនៅមុខផ្ទះលេខ១២៥A ផ្លូវបុរីភ្នំពេញថ្មី ភូមិអ័រគីដេ សង្កាត់អូrបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ ជីន ចន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌សផ្កាឈូក ឆ្នាំផលិត២០១០។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជថានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ធ.ដ