ព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនចោរឆក់យ៉ាងសកម្មម្នាក់ ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់យ៉ាងសកម្មម្នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ជនសង្ស័យឈ្មោះ គង់ ភារម្យ ហៅ ខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ៦០៨ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៥និង០០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅផ្លូវរថភ្លើង ម្តុំវត្តនាគវន្ត័ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ ) ក្នុងរាជធានីភ្នំពេញចំនួន០៤ ករណី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរក្នុងនោះរួមមាន៖
ករណីទី១)អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ស ) ប្រព្រឹត្តនៅចុងស្ពានអាកាសផ្សារដីហុយ ផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី។
ករណីទី២)អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣និង០៥នាទី។
ករណីទី៣)អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបដៃ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅមុខផ្ទះលេខ៣១ ពាក់កណ្តាលផ្លូវលេខ៦១៦ កែងផ្លូវលេខ២៨៧ ក្រុមទី៨៦ ភូមិទី១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៧និង៣៥នាទី។
ករណីទី៤)អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបដៃ ពណ៌ ខ្មៅ ) នៅមុខផ្ទះលេខ១ ផ្លូវលេខ៦០០ ភូមិ១២ ក្រុមទី៥៣ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៩និង៣០នាទី៕ធ.ដ