ចិនក្លាយជាប្រទេសនាំទំនិញចូលហ្វីលីពីនច្រើនជាងគេបំផុត ជាមួយនឹងចំណែក ទីផ្សារ២១,៤ភាគរយគិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ
ហ្វីលីពីន៖ ចិនគឺជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់ នៃមុខទំនិញដែលនាំចូលមកហ្វីលីពីន ក្នុងខែមីនា ឆ្នាំ២០១៩ ជាមួយចំណែក២១,៤ភាគរយនៃទំនិញនាំចូលសរុប នេះបើតាមរបាយការណ៍របស់អាជ្ញាធរស្ថិតិ នៃប្រទេសហ្វីលីពីន PSA។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ទំហំទំនិញចិនដែលនាំចូលមកហ្វីលីពីន ក្នុងខែមីនាកន្លងទៅ បានកើនដល់ទឹកប្រាក់១,៩២ពាន់លានដុល្លារ ពីចំនួន១,២៨ពាន់លានដុល្លារ ក្នុងខែដូចគ្នាកាលពីឆ្នាំ២០១៨។ បើតាមស្ថាប័ន PSA របស់ហ្វីលីពីន ជប៉ុនឈរនៅលេខរៀងទី២ កាលពីខែមីនា ជាមួយទំហំទំនិញនាំចូលមានទឹកប្រាក់៨៨២,៨៧លានដុល្លារ ឬស្មើនឹងចំណែក៩,៨ភាគរយ ខណៈអាម៉េរិកនៅលេខ៣ ជាមួយទំនិញនាំចូលគិតជាទំហំទឹកប្រាក់កើនដល់៧១២,៤៣លានដុល្លារ ឬចំណែក៧,៩ភាគរយ ដោយការនាំចូលពីប្រទេសទាំងពីរនេះ សុទ្ធតែមានការកើនឡើង។
រីឯលេខ៤វិញ គឺកូរ៉េខាងត្បូង ដែលមានទំហំនៃទំនិញនាំចូលមានទឹកប្រាក់៧០១,៨៦លានដុល្លារ ឬស្មើនឹងចំណែក៧,៨ភាគរយ ដែលវាគឺជាការថយចុះ បើធៀបនឹងខែមីនា ឆ្នាំ២០១៨។ សម្រាប់លេខរៀងទី៥ គឺប្រទេសថៃ ដែលមានទំនិញនាំចូលមានទំហំទឹកប្រាក់៥៥១,៧១លានដុល្លារ ឬស្មើនឹងចំណែក៦,១ភាគរយ ដោយការនាំចូលពីថៃក៏បានធ្លាក់ចុះផងដែរ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០១៨៕ធ.ដ